សេចក្ដីផ្ដើម

តើសុបិន្តរបស់អ្នកចង់ក្លាយជាគ្រូបង្រៀនមួយរូបមែនដែរ ឬទេ? តើអ្នកចង់បង្រៀនសិស្សានុសិស្សនៅបឋមសិក្សា អនុវិទ្យាល័យ ឬសាកលវិទ្យាល័យដែរ ឬទេ? តើអ្នកចង់ផ្ដោតលើការបង្រៀនភាសាបរទេសទៅកាន់មនុស្សពេញវ័យដែរ ឬទេ? ជាមួយនឹងជំនាញផ្ដោតលើការអប់រំ អ្នកនឹងអាចរៀបចំខ្លួន និងបង្រៀនថ្នាក់បានយ៉ាងឆាប់រហ័ស!

មុខជំនាញដែលមានក្នុងវិស័យអរប់រំ

រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូននូវកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនដើម្បីក្លាយជាគ្រូកម្រិតបឋម។ ប្រសិនបើអ្នកចង់ចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ អ្នកត្រូវបំពេញលក្ខខណ្ឌមួយចំនួន។ ជាបឋម អ្នកត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបន្ទាប់ពីចប់ថ្នាក់វិទ្យាល័យ។ ជំនាញនេះសាកសមសម្រាប់សិស្សនិស្សិតបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដែលមានអាយុដល់ ២៥ឆ្នាំ។ ការប្រឡងរួមមានមុខវិជ្ជាដូចជា ភាសាខ្មែរ គណិតវិទ្យា និងចំណេះដឹងទូទៅភាសាខ្មែរ។ នៅពេលដែលអ្នកប្រឡងជាប់ អ្នកអាចចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនបាន។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ឆ្នាំ ហើយបន្ទាប់ពីនោះអ្នកនឹងត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀនបាន។

បទសម្ភាសន៍ជាមួយនិស្សិតដែលចង់ក្លាយជាគ្រូបឋមសិក្សា

គឹម ថារី (អាយុ ២១ឆ្នាំ) កំពុងសិក្សាដើម្បីក្លាយជាគ្រូកម្រិតបឋមសិក្សានៅសាលាមធ្យមសិក្សា គរុកោសល្យ មត្តេយ្យ មជ្ឈិម នៅខេត្តព្រះសីហនុ។ ថារី កំពុងសិក្សានៅឆ្នាំទី២។ ថារី ជ្រើសរើសជំនាញនេះដោយសារការងារនេះតម្រូវភាពថ្លៃថ្នូរ។ អ្នកខិតខំធ្វើការដើម្បីចែករំលែកចំណេះដឹងជាមួយនឹងកុមារតូចៗ ហើយវាជាការងារដែលត្រូវបានគេឱ្យតម្លៃ។ ថារី​ចូលចិត្តការបង្រៀន ប៉ុន្តែគាត់គិតថាចំណេះដឹងរបស់គាត់នៅមានកម្រិត។ ថារីចំណាយពេល ៥ថ្ងៃក្នុងមួយសប្ដាហ៍ដើម្បីសិក្សា។

រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូននូវកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនដើម្បីក្លាយជាគ្រូកម្រិតអនុវិទ្យាល័យ។ ប្រសិនបើអ្នកចង់ចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ អ្នកត្រូវបំពេញលក្ខខណ្ឌមួយចំនួន។ ជាបឋម អ្នកត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបន្ទាប់ពីចប់ថ្នាក់វិទ្យាល័យ។ ជំនាញនេះសាកសមសម្រាប់សិស្សនិស្សិតបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដែលមានអាយុដល់ ៣៥ឆ្នាំ។ មុនពេលប្រឡង អ្នកត្រូវជ្រើសរើសមុខវិជ្ជាដែលអ្នកចង់បង្រៀន។ ហើយមុខវិជ្ជានេះនឹងមានក្នុងការប្រឡងក្រៅពីការអប់រំទូទៅភាសាខ្មែរ។ នៅពេលដែលអ្នកប្រឡងជាប់ អ្នកអាចចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនបានដែលមានរយៈពេល ២ឆ្នាំ ហើយបន្ទាប់ពីនោះអ្នកនឹងអាចចាប់ផ្ដើមការងារផ្លូវការរបស់អ្នកជាគ្រូបង្រៀន។

តើអ្នកបានរកឃើញមុខជំនាញនៃក្ដីស្រមៃរបស់អ្នក ហើយអ្នកបានគិតថាចង់ក្លាយជាគ្រូបង្រៀននៅសាកលវិទ្យាល័យដែរ ឬទេ? វាអាចទៅរួចប្រសិនបើអ្នកបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សាដែលធ្វើឱ្យអ្នកមានសមត្ថភាពបង្រៀនវគ្គសិក្សាដែលទាក់ទងនឹងជំនាញដែលអ្នកបានជ្រើសរើស។

ជាមួយនឹងមុខជំនាញ TESOL អ្នកនឹងទទួលបានជំនាញដែលអ្នកត្រូវការដើម្បីបង្រៀនសិស្សនូវភាសាអង់គ្លេសជាភាសាទីពីរ។ កម្មវិធីសិក្សាផ្ដោតលើជំនាញទាំងឡាយដែលពាក់ព័ន្ធនឹងការសិក្សាភាសាបរទេស និងមានបំណងសម្រេចឱ្យបាននូវបទពិសោធន៍ប្រកបដោយការអនុវត្ត និងចំណេះដឹងលើផ្នែកទ្រឹស្ដី។ អ្នកនឹងសិក្សាអំពីទ្រឹស្ដីពាក់ព័ន្ធទាំងឡាយអំពីការសិក្សាភាសាបរទេស សម្ភារៈបង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងការដោះស្រាយជាមួយនឹងសិស្សដែលមានភាពខុសៗគ្នា។

បទសម្ភាសន៍ជាមួយនឹងនិស្សិតសិក្សាជំនាញ TESOL

សេង ដានីន (អាយុ ២៤ឆ្នាំ) ជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TESOL) ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ គាត់បានជ្រើសរើសជំនាញនេះដោយសារវាជាជំនាញដែលបង្រៀនភាសាអង់គ្លេស។ អ្វីដែលទាក់ទាញគាត់ឱ្យរើសយកជំនាញនេះគឺការដែលអ្នកត្រូវបានបង្រៀនជំនាញគរុកោសល្យ និងសិក្សាអំពីដំណើរការនៃការរៀនភាសា ហេតុនេះអ្នកអាចសិក្សាពីរបៀបបង្រៀនប្រកបដោយប្រសិទ្ធភាព។ សេក គីមចេង (២៣ឆ្នាំ) សិក្សាជំនាញ TESOL នៅសាកលវិទ្យាបញ្ញាសាស្ត្រាកម្ពុជាឆ្នាំទី៤។ កាលពីនៅថ្នាក់វិទ្យាល័យ គាត់ដឹងថាគាត់ពិតជាចូលចិត្តភាសាអង់គ្លេស ហើយគាត់បានបង្រៀនភាសានេះទៅកាន់ប្អូនជីដូនមួយរបស់ គាត់។ ក្រៅពីនេះ គាត់គិតថាភាសាអង់គ្លេសគឺមានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ន ហើយវាជាភាសាដែលធ្វើឱ្យគាត់មានជំនឿចិត្តលើខ្លួនឯង។ គោលដៅរបស់គាត់គឺចែករំលែកនូវចំណេះដឹងដែលគាត់បានសិក្សាជាមួយក្មេងៗដែលរស់នៅឆ្ងាយពីទីក្រុង ឬនៅជនបទ ហើយមានការលំបាកក្នុងការទទួលបានការអប់រំ។ អ្វីដែលទាក់ចិត្តគាត់ឱ្យជ្រើសរើសជំនាញ TESOL នេះគឺភាសាប្រព័ន្ធរបស់វា និងការដែលវាធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់អាចធ្វើអ្វីគ្រប់យ៉ាងបានជាមួយនឹងភាសាអង់គ្លេសនេះ (ដូចជាធ្វើដំណើរជុំវិញពិភពលោក ឬបង្រៀនភាសាអង់គ្លេសនៅប្រទេសដទៃជាជាងប្រទេសកម្ពុជា!) ។ លើសពីនេះគាត់សិក្សាអំពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រផ្សេងៗដែលគាត់អាចយកមកអនុវត្តនៅកន្លែងធ្វើការ និងជីវិតប្រចាំថ្ងៃរបស់គាត់។  គីមចេងសិក្សារយៈពេល ៣ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវសម្រេចចិត្តឈប់ធ្វើការដោយសារតែកាលវិភាគដ៏ មមាញឹក។ គាត់មានពេលទំនេរនៅចុងសប្ដាហ៍។​ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់ធ្វើការនៅអង្គការមិនមែន រដ្ឋាភិបាលមួយដែលអនុញ្ញាតឱ្យគាត់ចែករំលែកចំណេះដឹងរបស់គាត់ជាមួយកុមារ និងលើកទឹកចិត្តពួកគេឱ្យក្លាយជាធនធានមនុស្សល្អក្នុងសង្គម។

គន្លឹះរបស់គាត់សម្រាប់អ្នក? ខិតខំសិក្សា ស្ដាប់ដំបូន្មានគ្រូ និងត្រូវច្បាស់ក្នុងចិត្តថាមូលហេតុដែលអ្នកជ្រើសរើសយកជំនាញនេះដោយសារតែអ្នកពិតចូលចិត្តវាខ្លាំង។ សូមធ្វើតាមចិត្តរបស់អ្នក មិនមែនតាមគំនិតគ្រួសារ ឬមិត្តភក្ដិរបស់អ្នកទេ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • គ្រូបង្រៀនភាសាអង់គ្លេស
  • គ្រូបង្រៀនថ្នាក់បឋមសិក្សា
  • គ្រូបង្រៀនថ្នាក់វិទ្យាល័យលើមុខវិជ្ជាផ្សេងៗ
  • សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay