ព័ត៌មានអំពីការសិក្សា

ព័ត៌មានអំពីការសិក្សា

គន្លឹះទាំង៧ ដែលនឹងជួយអ្នកធ្វើការសម្រេចចិត្តត្រឹមត្រូវចំពោះមុខជំនាញរបស់អ្នក

ការជ្រើសរើសមុខជំនាញណាមួយមិនមែនជាការសម្រេចចិត្តដែលអ្នកធ្វើលេងៗនោះទេ៖ មុខជំនាញមួយនឹងធ្វើឱ្យអ្នករវល់យ៉ាងហោចណាស់ ២ ទៅ ៣ឆ្នាំ។ រយៈពេលនោះអាចមានភាពសប្បាយរីករាយ និងពោរពេញទៅដោយបទពិសោធន៍ល្អថ្មីៗ និងនាំអ្នកទៅកាន់ការបញ្ចប់ការសិក្សាដោយជោគជ័យ។ ការជ្រើសរើសជំនាញមួយដែលសក្ដិសម និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគឺជាចំណុចមូលដ្ឋានដំបូង។ តើអ្នកដឹងហើយ ឬនៅថាតើទិសដៅណាមួយដែលអ្នកចង់ដើរ? ឬថាតើអ្នកមិនទាន់រកឃើញជំនាញណាមួយដែលទាក់ចិត្តអ្នកនៅឡើយទេ? តើអ្នកមានជម្រើសផ្សេងៗជាច្រើនពេកមែនទេ ហើយតើអ្នកមានអារម្មណ៍ថាស្មុគស្មាញក្នុងការសម្រេចចិត្តមែនដែរ ឬទេ? កុំបារម្ភ៖ ទាំងនេះគឺជាគន្លឹះទាំង ៧ដែលនឹងនាំអ្នកចាប់ផ្ដើមដំណើរការសម្រេចចិត្តរបស់អ្នក។

១. ស្វែងយល់អំពីខ្លួនអ្នក និងលក្ខណសម្បត្តិរបស់អ្នក

មុខជំនាញមួយគួរតែត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក និងប្រាកដណាស់ត្រូវនឹងបុគ្គលិកលក្ខណៈ និងលក្ខណសម្បត្តិរបស់អ្នក។ តើអ្នកស្គាល់ខ្លួនឯងច្បាស់កម្រិតណា? ត្រូវចាប់ផ្ដើមដោយបង្កើតបញ្ជីមួយដោយសរសេរនូវរបស់៣យ៉ាងដែលអ្នកពូកែ។ ហើយបញ្ជីមួយទៀតសម្រាប់របស់ ៣យ៉ាងដែលអ្នកគិតថានៅមានកន្លែងដើម្បីអភិវឌ្ឍ
បន្ថែម។ ដោយមានបញ្ជីនេះនៅក្នុងដៃ អ្នកអាចចាប់ផ្ដើមដោយគ្រលែកមើលមុខជំនាញដែលសក្ដិសមនឹងបុគ្គលិកលក្ខណៈរបស់អ្នក។ នៅតែមានបញ្ហា? មានតេស្តជម្រើសការសិក្សា និងតេស្ដបុគ្គលិកលក្ខណៈជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណែតដែលអាចជួយជម្រុញលើកទឹកចិត្តអ្នកបាន។

តើអ្នកមានទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាលដែរ ឬទេ? យើងរីករាយនឹងផ្ដល់ជូនអ្នកនូវតេស្ដបុគ្គលិកលក្ខណៈដល់អ្នក។ ព័ត៌មានបន្ថែម? ពិនិត្យ គេហទំព័រអំពីយើង ឬ ទំនាក់ទំនងតាមរយៈប៊ូតុងខាងក្រោមនេះ

២. ពិនិត្យមើលមុខជំនាញដែលមាន

គ្រប់គ្នាស្គាល់មុខជំនាញពេញនិយមដូចជាជំនាញ ធនាគារ និងហិរញ្ញវត្ថុ ច្បាប់ និងវិស្វកម្មអគ្គិសនី។ យ៉ាងណាមិញជម្រើសដែលពេញនិយមអាចនឹងមិនមែនជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ តើអ្នកដឹងទេថាមានជំនាញជាច្រើនទៀតដែលមានផ្ដល់ជូនសិស្សនិស្សិត? ស្វែងរកលើប្រព័ន្ធអ៊ីនធឺណែតដើម្បីទទួលបានការយល់ដឹងល្អៗអំពីមុខជំនាញប្រភេទផ្សេងៗដែលអ្នកអាចសិក្សាបាន ហើយថាមិនត្រូវអ្នកអាចរកឃើញមុខជំនាញមួយដែលសក្ដិសមនឹងអ្នកបំផុតក៏ថាបាន។ ទិដ្ឋភាពទូទៅនៃវិស័យ និងមុខជំនាញ ដែលមាននៅក្នុងប្រទេសកម្ពុជា ហើយអាចជួយអ្នកក្នុងការស្វែងរកបាន។

៣. និយាយជាមួយអ្នកដែលស្និទ្ធស្នាលជាមួយអ្នក

គ្រួសារ មិត្តភក្ដិ គ្រូបង្រៀន។ ពេលខ្លះអ្នកដែលជិតស្និទ្ធនឹងអ្នកស្គាល់អ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯង។ អ៊ីចឹងត្រូវទៅនិយាយជាមួយពួកគេ។ តើពួកគេនឹងរៀបរាប់អំពីអ្នកដោយរបៀបណា? តើបុគ្គលិកលក្ខណៈរបស់អ្នកណាខ្លះដែលពួកគេកោតសរសើរ? ហើយថាតើមុខជំនាញប្រភេទដែលពួកគេគិតថាសក្ដិសមសម្រាប់អ្នក? ការនិយាយជាមួយអ្នកដទៃអាចផ្ដល់ឱ្យអ្នកនូវគំនិតថ្មីៗ។ ប៉ុន្តែអ្នកត្រូវដឹងថា៖ អ្នកគឺជាមនុស្សតែម្នាក់ដែលត្រូវធ្វើការសម្រេចចិត្ត។ ឪពុកម្ដាយ និងមិត្តភក្ដិមិនមែនតែងតែដឹងថាអ្វីមួយល្អឥតខ្ចោះនោះទេ។ អ្នកត្រូវប្រាកដថាអ្នកធ្វើតាមអ្វីដែលអ្នកស្រឡាញ់ពេញចិត្ត។

៤. សិក្សាអំពីបទពិសោធន៍របស់និស្សិតបច្ចុប្បន្ន

ចាប់ផ្ដើមទាក់ទងទៅនិស្សិតសាកលវិទ្យាល័យដើម្បីនិយាយជាមួយពួកគេអំពីមុខជំនាញរបស់ពួកគេ ឬទស្សនាបទសម្ភាសន៍ជាមួយសិស្សនិស្សិតបច្ចុប្បន្ននៅលើគេហទំព័ររបស់ StudyMatch ។ ទាំងនេះគឺជាឧទាហរណ៍មួយចំនួនរបស់និស្សិតកំពុងសិក្សាជំនាញ ជីវវិទ្យា ទំនាក់ទំនង និងកាសែត ឬព័ត៌មានវិទ្យា និងបច្ចេកវិទ្យាបណ្ដាញកុំព្យូទ័រ។ សិស្សនិស្សិតទាំងនេះនឹងប្រាប់អ្នកថាតើអ្វីដែលធ្វើឱ្យពួកគេសម្រេចចិត្តចុះឈ្មោះជ្រើសរើសមុខជំនាញទាំងនេះ អ្វីដែលពួកគេចូលចិត្តអំពីមុខជំនាញនេះ ហើយពួកគេនឹងចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនផងដែរ។

៥.  ស្វែងយល់ថាតើអ្វីដែលអ្នកជំនាញចូលចិត្តអំពីការងាររបស់ពួកគេ

ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សាគឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ប្រសិនបើអ្នកបញ្ចប់ការសិក្សាដោយជោគជ័យ អ្នកអាចបន្តអាជីពផ្សេងៗជាច្រើន។ ហេតុនេះហើយទើបវាជាការល្អក្នុងការបន្ស៊ាំខ្លួនអ្នកជាមួយនឹងអាជីពដែលមានបន្ទាប់ពីការសិក្សារបស់អ្នក។ ចុះថាតើនរណាដែលអាចប្រាប់អ្នកអំពីការងារនោះប្រសើរជាងអ្នកជំនាញក្នុងផ្នែកទាំងនោះ? នៅលើគេហទំព័ររបស់យើង និងឆានែល YouTube  របស់យើង អ្នកអាចស្វែងរកបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញក្នុងវិស័យផ្សេងៗ រាប់ចាប់ពីការថែទាំសុខភាព រហូតដល់ព័ត៌មានវិទ្យា និងពីសិល្បៈច្នៃប្រឌិត រហូតដល់នីតិសាស្ត្រ។

៦. ទស្សនកិច្ចសាកលវិទ្យាល័យ

ត្រឹមនេះអ្នកប្រហែលជាបានរកឃើញមុខជំនាញមួយចំនួនដែលអាចនឹងសក្ដិសមនឹងអ្នក។ ជំហានបន្ទាប់គឺត្រូវពិចារណាអំពីសាកលវិទ្យាល័យដែលអ្នកចង់សិក្សា។ វិធីសាស្ត្របង្រៀនអាចនឹងខុសគ្នាពីសាកលវិទ្យាល័យមួយទៅសាកលវិទ្យាល័យមួយទៀត ហើយចំណុចនេះគឺមានសារៈសំខាន់ក្នុងការពិចារណា។ តើអ្នកនឹងចំណាយពេលច្រើននៅក្នុងថ្នាក់ ឬទេ? តើសាកលវិទ្យាល័យតម្រូវឱ្យមានស្វ័យសិក្សាច្រើនដែរ ឬទេ? ចុះវិន័យវិញ? តើកម្មវិធីសិក្សាផ្អែកខ្លាំងលើការសិក្សាទ្រឹស្ដី ឬវិធីសាស្ត្រអនុវត្តដោយផ្ទាល់? ហើយតើអ្នកនឹងទទួលបានបទពិសោធន៍តាមរយៈការអនុវត្តដែរ ឬទេ? សាកលវិទ្យាល័យមួយចំនួនគឺធំ ហើយខ្លះទៀតតូច និងប្រហែលជាផ្ដល់ការណែនាំផ្ទាល់ច្រើនជាងនេះ។ ក្រៅពីនេះត្រូវពិចារណាអំពីភាសាដែលមុខជំនាញនោះផ្ដល់ឱ្យ។ សាកលវិទ្យាល័យមួយចំនួនបង្រៀនជាភាសាអង់គ្លេស ឬភាសាបារាំងទាំងស្រុង ខណៈពេលដែលសាកលវិទ្យាល័យផ្សេងទៀតបង្រៀនជាភាសាខ្មែរ។ តើមានវិធីអ្វីប្រសើរជាងសិក្សាបន្ថែមអំពីព័ត៌មានលម្អិតទាំងនេះ និងទទួលបានបទពិសោធន៍ជាក់ស្ដែងក្នុងការសិក្សានៅកន្លែងណាមួយជាជាងទៅទស្សនាសាកលវិទ្យាល័យផ្ទាល់ដែរ ឬទេ? សាកលវិទ្យាល័យជាច្រើនអាចប្រារព្ធកម្មវិធីបើកបវេសនកាល ឬផ្ដល់នូវដំណើរទស្សនកិច្ចជុំវិញបរិវេណសាកលវិទ្យាល័យ។ ទស្សនកិច្ចនេះនឹងផ្ដល់ឱកាសឱ្យអ្នកសិក្សាបន្ថែមអំពីវគ្គសិក្សា និងសំណេះសំណាលជាមួយសិស្សនិស្សិត និងសាស្ត្រាចារ្យផងដែរ។

៧. ត្រូវចងចាំនូវកញ្ចប់ថវិការបស់អ្នក

អ្នកសម្រេចចិត្តហើយ ឬនៅ? បន្ទាប់មកទៀតនៅបញ្ហាចម្បងមួយទៀតនោះគឺកញ្ចប់ថវិកាសម្រាប់ការសិក្សារបស់អ្នក ដែលនឹងនាំយើងមកដល់គន្លឹះចុងក្រោយ។ ត្រូវចងចាំនូវកញ្ចប់ថវិការបស់អ្នក និងធ្វើការប្រៀបធៀបនូវតម្លៃសិក្សានៅសាកលវិទ្យាល័យផ្សេងៗ។ សាកលវិទ្យាល័យនីមួយៗផ្ដល់នូវតម្លៃសិក្សាផ្សេងៗគ្នាសម្រាប់មុខជំនាញនៃក្ដីសុបិន្តរបស់អ្នក។ ហើយអ្នកក៏ប្រហែលជាអាចទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ រដ្ឋាភិបាល ឬអង្គការមិនមែនរដ្ឋាភិបាលក៏ថាបាន។ អ្វីដែលត្រូវប្រាកដនោះគឺអ្នកត្រូវស្វែងយល់ថាតើអ្នកអាចរកអាហារូបករណ៍នេះបានដែរ ឬទេ។

Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow

យើងសង្ឃឹមថាគន្លឹះទាំងនេះ និងគេហទំព័រ StudyMatch នឹងជួយអ្នកធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សាបានត្រឹមត្រូវ។ នៅតែមិនទាន់ប្រាកដនឹងជម្រើសរបស់អ្នក? នោះអ្នកត្រូវពិចារណាឆ្នាំសិក្សាមូលដ្ឋាន។ ជាមួយនឹងឆ្នាំសិក្សាមូលដ្ឋាន អ្នកនឹងមានឱកាសក្នុងចាប់យកមុខវិជ្ជាមួយចំនួនដើម្បីអភិវឌ្ឍ ឧទាហរណ៍ដូចជាភាសាអង់គ្លេស ឬជំនាញកុំព្យូទ័រជាដើម។ ហើយលើសពីនេះទៅទៀត វាចំណេញពេលអ្នកក្នុងការស្វែងរកថាតើការសិក្សាណាមួយដែលពិតជាត្រូវនឹងបុគ្គលិកលក្ខណៈរបស់អ្នក។