សេចក្ដីផ្ដើម

តើអ្នកស្រឡាញ់សត្វ ហើយចង់ធ្វើការជាមួយសត្វនៅពេលអនាគតដែរ ឬទេ? នោះអ្នកគួរតែងាកមកមើល
វិស័យវិទ្យាសាស្ត្រសត្វ។ អ្នកនឹងសិក្សាអំពីប្រភេទផ្សេងៗនៃសត្វ របៀបបង្កាត់ពូជសត្វ និងរបៀបថែទាំសុខភាពរបស់ពួកវា។ ជំនាញទាំងនេះនឹងជួយអ្នករៀបចំខ្លួនសម្រាប់អាជីពដែលអ្នកអាចទទួលបានឯកទេសក្នុងការថែទាំសត្វទាំងឡាយ។​

មុខជំនាញក្នុងវិស័យវិទ្យាសាស្ត្រសត្វ

ប្រសិនបើអ្នកចង់សិក្សាអំពីសត្វជាទូទៅ របៀបបង្កាត់ពូជសត្វផ្សេងៗ និងរបៀបថែទាំពួកវា នោះមុខជំនាញផ្នែកវិទ្យាសាស្ត្រសត្វអាចជាជម្រើសសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីរបៀបគ្រប់គ្រងគ្រប់ប្រភេទសត្វ ខណៈពេលដែលចាំទុកថាអាចមានផលប៉ះពាល់ផ្នែកអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ចអ្វីខ្លះ។ ក្រៅពីនេះអ្នកនឹងសិក្សាអំពីហ្សែន និងកាយវិភាគសាស្ត្រនៃសត្វដើមហបីសម្រួលដល់ការបង្កាត់ពូជឱ្យមានប្រសិទ្ធភាព។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិទ្យាសាស្ត្រសត្វ

ឌឿន ហន (អាយុ ២៣ឆ្នាំ) សិក្សាជំនាញវិទ្យាសាស្ត្រសត្វនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម គាត់កំពុងសិក្សាឆ្នាំទី២។ ហនជ្រើសរើសជំនាញនេះដោយសារគាត់ស្រឡាញ់ការចិញ្ចឹមសត្វ។ ពេលដែលគាត់រស់នៅជនបទ គាត់បានចិញ្ចឹមសត្វដើម្បីរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ការសិក្សារបស់គាត់ ហើយគាត់សន្មត់ថាជំនាញនេះនឹងផ្ដល់ចំណេះដឹងបន្ថែមដល់ គាត់។ គាត់ស្រឡាញ់សត្វ ហើយស្គាល់អំពីអាកប្បកិរិយាពីធម្មជាតិរបស់ពួកវាថែមទៀតផង។ ដូច្នេះហើយទើបគាត់ដឹងច្បាស់ថា នេះគឺជាជំនាញដ៏ត្រឹមត្រូវសម្រាប់គាត់។

មុខវិជ្ជាដែលគាត់ចូលចិត្តជាងគេគឺការសិក្សាអំពីសត្វទំពារអៀង។ មុខវិជ្ជានេះផ្តោតសំខាន់លើការរឱ្យចំណីសត្វ របៀបដែលពួកវារស់នៅ ប្រភេទសត្វណាខ្លះដែលជាពពួកសត្វទំពារអៀង និងរបៀបដែលរាងកាយរបស់ពួកវាប្រតិបតិ្តការ។

បន្ទុកការងារគឺមធ្យម ដោយសិក្សា ៥ថ្ងៃក្នុងមួយសប្ដាហ៍ និង ៤ម៉ោងក្នុងមួយថ្ងៃ។ សប្ដាហ៍ខ្លះនិស្សិតត្រូវធ្វើការពិសោធន៍ ហើយសប្ដាហ៍ខ្លះទៀតពួកគេត្រូវមើលថែសត្វដើម្បីដកពិសោធន៍ដោយខ្លួនឯង។ ហន កំពុងសិក្សាបណ្ដើរ ធ្វើការបណ្ដើរដើម្បីសន្សំប្រាក់។ ពេលដែលគាត់បញ្ចប់ការសិក្សា គាត់ចង់បើកកសិដ្ឋានផ្ទាល់ខ្លួនតូចមួយ។

ដំបូន្មានរបស់គាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍នឹងមុខជំនាញនេះគឺត្រូវធ្វើចេញពីការស្រឡាញ់។ មុខជំនាញនេះមានទីផ្សារទូលំទូលាយសម្រាប់អ្នកដើម្បីរកការងារ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ថែទាំសុខភាពសត្វដោយធ្វើការវិនិច្ឆ័យ និងព្យាបាលជំងឺរបស់ពួកវាដែរ ឬទេ? នោះជំនាញផ្នែក
ឱសថសាស្ត្របសុពេទ្យគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីកាយវិភាគសាស្ត្រ និងដំណើរការជីវសាស្ត្រដែលកើតមានឡើងក្នុងសត្វដែលមានសុខភាពល្អ។ លើសពីនេះអ្នកនឹងសិក្សាអំពីភាពមិនប្រក្រតីជំងឺ និងរបួសផ្សេងៗគ្នារបស់សត្វ និងសិក្សាអំពីរបៀបវិនិច្ឆ័យ និងព្យាបាលជំងឺទាំងនោះ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកឱសថសាស្ត្របសុពេទ្យ

ឈឿង សម្ផស្ស (អាយុ ២១ឆ្នាំ) កំពុងសិក្សាផ្នែកឱសថសាស្ត្របសុពេទ្យនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សម្ផស្សជ្រើសរើសជំនាញនេះដោយសារគាត់ចង់ជួយឱ្យវិស័យកសិកម្មក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេសក្នុងផ្នែកជំងឺសត្វ និងការផ្គត់ផ្គង់សត្វ។ បន្ទុកការងារគឺមធ្យម ប្រហែល១០ម៉ោងក្នុងមួយសប្ដាហ៍លើការសិក្សា។ ក្រោយបញ្ចប់ការសិក្សា សម្ផស្សចង់មានកសិដ្ឋាន និងគ្លីនិកផ្ទាល់ខ្លួន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • ពេទ្យបសុសត្វ
  • អ្នកថែទាំសត្វ
  • អ្នកគ្រប់គ្រងកសិដ្ឋាន
  • អ្នកផលិតផលិតផលទឹកដោះគោ
  • អ្នកប្រឹក្សាផ្នែកបង្កាត់ហ្សែនសត្វ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay