សេចក្ដីផ្ដើម

តើអ្នកចង់ស៊ើបអង្កេតអំពីលក្ខណៈនៃសារធាតុគីមីដែរ ឬទេ? តើអ្នកចាប់អារម្មណ៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍអាហារូបត្ថម្ភ ឬឱសថ ឬបង្កើតផលិតផលថ្មីដែរ ឬទេ? តើអ្នកចង់ឃើញខ្លួនអ្នកធ្វើការជាមួយនឹងបច្ចេកទេស
ទំនើបៗ និងឧបករណ៍ក្នុងមន្ទីរពិសោធន៍ដែរ ឬទេ? នោះជំនាញផ្នែកគីមីវិទ្យា និងបច្ចេកវិទ្យាចំណីអាហារគឺជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។​ ក្នុងផ្នែកនេះអ្នកនឹងសិក្សាអំពីរបៀបរចនា និងថែទាំដំណើរការគីមីឧស្សាហកម្ម។

មុខជំនាញក្នុងវិស័យគីមីវិទ្យា និងបច្ចេកវិទ្យាចំណីអាហារ

តើអ្នកចង់ដោះស្រាយជាពិសេសជាមួយនឹងដំណើរការគីមីដែរ ឬទេ? ក្នុងមុខជំនាញគីមីវិទ្យា អ្នកនឹងសិក្សាអំពីអ្វីៗគ្រប់យ៉ាងអំពីរូបធាតុ និងរចនាសម្ព័ន្ធរបស់វា។ អ្នកនឹងសិក្សាអំពីរបៀបវិភាគសារធាតុគីមី និងរបៀបបង្កើតដំណើរការគីមីថ្មីៗ។ ហើយអ្នកក៏នឹងទទួលបាននូវបទពិសោធន៍ពោរពេញដោយការអនុវត្តក្នុងមន្ទីរពិសោធន៍។ មុខជំនាញនេះនឹងរៀបចំអ្នកឱ្យចេះវិភាគចំណីអាហារ និងឱសថ និងកន្លែងកើតហេតុនៃអំពើឧក្រិដ្ឋកម្មផងដែរ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគីមីវិទ្យា

ថាត់ គីមហុង (អាយុ ២២ឆ្នាំ) គឺជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយកំពុងសិក្សាជំនាញ គីមីវិទ្យា។
គីមហុងបានជ្រើសរើសជំនាញនេះដោយសារតែគីមីវិទ្យាអាចជួយសហគមន៍ ក៏ដូចជាគ្រួសាររបស់គាត់បាន។ ពួកគេគឺជាគ្រួសារកសិករ ហើយមុខជំនាញនេះក៏មានការពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមីក្នុងការដាំដុះដើម្បីធ្វើឱ្យវិស័យកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង។ មុខជំនាញនេះក៏បានជួយលើកកម្ពស់វិស័យកសិ-ឧស្សាហកម្ម និងសុខភាព សាធារណៈផងដែរ។

អ្វីដែលគីមហុងចូលចិត្តអំពីមុខជំនាញនេះគឺទ្រឹស្ដី និងការពិសោធ ការសិក្សាអំពីជំងឺ និងមេរោគ និងការសិក្សាអំពីប្រតិកម្មគីមី។ បន្ទុកការងារគឺមានតុល្យភាព។ វាតម្រូវរយៈពេល ៥ម៉ោងសិក្សាជាមួយគ្រូ ចូលរៀនថ្នាក់ភាសាអង់គ្លេស ១ថ្ងៃក្នុងមួយសប្ដាហ៍ និង ៣ថ្ងៃទៀតគឺដើម្បីធ្វើកិច្ចការដែលនៅសេសសល់ និងការងារជាមួយក្រុម។

មុខវិជ្ជាដែលគីមហុងចូលចិត្តជាងគេនោះរួមមានបច្ចេកទេសក្នុងជីវគីមីវិទ្យា ហ្សែនជីវសាស្ត្រ និងជីវគីមីនៃភាពស៊ាំវិទ្យា។ គីមហុងមិនចូលចិត្តនៅពេលដែលនិស្សិតត្រូវការប្រើប្រាស់ម៉ាស៊ីន តែបែរជាមិនមានគ្រប់គ្រាន់សម្រាប់និស្សិតគ្រប់គ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សា គីមហុងចង់បើកអាជីវកម្មផ្ទាល់ខ្លួនមួយដែលអាចជួយដល់វិស័យកសិកម្ម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើគីមីវិទ្យា និងជីវវិទ្យាធ្លាប់ជាមុខវិជ្ជាដែលអ្នកចូលចិត្តកាលនៅសាលាដែរ ឬទេ? នោះអ្នកអាចរីករាយជាមួយនឹងមុខជំនាញជីវគីមីសាស្ត្រ។ ជំនាញនេះនឹងបង្ហាត់បង្រៀនអ្នកអំពីសារធាតុគីមីទាំងឡាយ និងដំណើរការគីមីដែលកើតឡើងចំពោះរុក្ខជាតិ សត្វ និងមីក្រូសរីរាង្គនានា។ ជីវគីមីសាស្ត្រផ្ដល់នូវឱកាសការងារជាច្រើន ឧទាហរណ៍ អ្នកអាចបម្រើការងារនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវ ការបង្កើតផលិតផល ឧស្សាហកម្មចំណីអាហារ ឬការថែទាំសុខភាព ក្នុងចំណោមវិស័យការងារផ្សេងៗទៀត។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកជីវគីមីសាស្ត្រ

សូរិយាមានអាយុ ២៣ឆ្នាំ កំពុងសិក្សាមុខជំនាញជីវគីមីសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សូរិយាជ្រើសរើសជំនាញនេះដោយសារគាត់ចង់សិក្សាអំពីបាក់តេរីដែលមានក្នុងចំណីអាហារ និងកន្លែងនានានៅជុំវិញខ្លួនយើង។ ជំនាញនេះគឺជាអ្វីដែលគាត់ចូលចិត្ត ជាពិសេសគឺការងារនៅក្នុងមន្ទីរពិសោធន៍ដែលមានពាក់ព័ន្ធ។ គាត់និយាយថាមុខជំនាញនេះត្រូវចំណាយពេលវេលាច្រើន។ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ អ្នកត្រូវសិក្សាពី ៤ ទៅ ៥ម៉ោង ហើយនៅថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ៨:៤០នាទីយប់ ហើយពេលខ្លះសូម្បីតែនៅថ្ងៃអាទិត្យក៏ត្រូវសិក្សាផងដែរ។

គន្លឹះរបស់គាត់នោះគឺ ប្រសិនបើអ្នកចាប់អារម្មណ៍នឹងជំនាញនេះ អ្នកគួរតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើមុខវិជ្ជានៅថ្នាក់វិទ្យាល័យរួមមាន គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស។ អ្នកគួរតែចូលរួមវគ្គបណ្ដុះបណ្ដាលខ្លះ និងធ្វើការងារស្ម័គ្រចិត្តមួយចំនួនដើម្បីស្វែងយល់ថាតើមុខជំនាញនេះពិតជាជំនាញដែលអ្នកស្រឡាញ់ពិតមែន ឬទេ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ក្នុងការស្រាវជ្រាវ និងធ្វើឱ្យផលិតផលចំណីអាហារមានភាពប្រសើរឡើងដែរ ឬទេ? ជាមួយនឹងជំនាញវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ អ្នកនឹងក្លាយជាអ្នកជំនាញក្នុងការផលិតអាហារដែលសាកសមសម្រាប់មនុស្សជាតិ និងរបៀបផលិត រក្សាទុក និងដឹកជញ្ជូនផលិតផលទាំងនេះឱ្យបានល្អបំផុត។ អ្នកនឹងសិក្សាអំពីអ្វីៗគ្រប់យ៉ាងអំពីរបៀបដែលផលិតផលកសិកម្មអាចដំណើរការបាន ឬផលិតផលណាដេលសាកសមសម្រាប់រាងកាយមនុស្ស និងថាតើសារធាតុណាជាសារធាតុពុលជាដើម។ អ្នកនឹងទទួលបានចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងសុខភាពមនុស្ស។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ

យឿន ចិត្រា (អាយុ ២១ឆ្នាំ) កំពុងសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យអន្តរជាតិ ជំនាញគីមីចំណីអាហារ។ នៅពេលរៀនវិទ្យាល័យ គាត់ពិតជាចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រណាស់ ហើយគ្រូគីមីវិទ្យារបស់គាត់ក៏បានណែនាំឱ្យគាត់ជ្រើសរើសយកជំនាញនេះ។ វិស័យវិទ្យាសាស្ត្រ និងចំណីអាហារកំពុងតែរីកដុះដាលខ្លាំងក្នុងប្រទេសកម្ពុជា ហើយចំណីអាហារគឺជាតម្រូវការសម្រាប់ទីផ្សារក្នុងស្រុក និងជុំវិញពិភពលោក។ អ្វីដែលគាត់ពិតជាចូលចិត្តបំផុតអំពីមុខជំនាញនេះគឺការងារមន្ទីរពិសោធន៍ ការវិភាគសំណាក និងការស្រាវជ្រាវ។ សម្រាប់បន្ទុកការងារវិញ គាត់និយាយថាគាត់បានរៀបចំកាលវិភាគប្រចាំសប្ដាហ៍ដោយសារតែគាត់បានចូលរួមក្រុមសិក្សាស្រាវជ្រាវ ហេតុនេះហើយគាត់មានកិច្ចការបន្ថែមដូចជាការប្រមូលសំណាក ការវិភាគ ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍សម្រាប់ក្រុមនេះផងដែរ។ មុខវិជ្ជាដែលគាត់ចូលចិត្តបំផុតនោះគឺសារធាតុបន្ថែមអាហារ និងជាតិពុល គីមីចំណីអាហារ និងដំណើរការចំណីអាហារ។ មុខវិជ្ជាទាំងនោះពិតជាមានសារៈសំខាន់ក្នុងវិស័យគីមីចំណីអាហារ។ មុខជំនាញនេះផ្ដល់លើសពីការរំពឹងទុករបស់គាត់ ព្រោះវាបានផ្ដល់នូវការបង្រៀនអំពីបច្ចេកវិទ្យា និងឱកាសផ្សេងៗទៀត ហេតុនេះសិស្សានុសិស្សទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យពិនិត្យមើលជំនាញនេះព្រោះវាមានសារៈសំខាន់។ ចិន្ត្រាចង់បន្តថ្នាក់អនុបណ្ឌិតរបស់គាត់មុនពេលគាត់ស្វែងរកការងារធ្វើ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • គ្រូគីមីវិទ្យា
  • គីមីវិទូរ
  • វិស្វករគីមីវិទ្យា
  • អ្នកវិទ្យាសាស្ត្រកោសល្យវិច្ឆ័យ
  • អ្នកវិទ្យាសាស្ត្រចំណីអាហារ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay