តើអ្នកកំពុងស្វែងរកមុខជំនាញដែលរួមបញ្ចូលគ្នាផ្នែកសិល្បៈ វិទ្យាសាស្ត្រ គណិតវិទ្យា និងបច្ចេកវិទ្យាមែនដែរ ឬទេ? នោះជំនាញក្នុងវិស័យស្ថាបត្យកម្មអាចជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីគោលការណ៍ និងគំនិតនៃស្ថាបត្យកម្មបែបប្រវត្តិសាស្ត្រ និងទំនើប ហើយអ្នកនឹងសិក្សាដើម្បីរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយនឹងការច្នៃប្រឌិតរបស់អ្នក និងការយល់ឃើញអំពីលំហ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកស្ថាបត្យកម្ម
ឯ ស៊ុនថង (អាយុ ១៨ឆ្នាំ) ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបច្ចុប្បន្នកំពុងសិក្សានៅដេប៉ាតឺម៉ង់ស្ថាបត្យកម្មនៃ
វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ ប៊ុន ឈៀង (អាយុ១៩ឆ្នាំ) សិក្សាជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយបច្ចុប្បន្នកំពុងសិក្សាក្នុងឆ្នាំទី២។ គាត់បានជ្រើសរើសជំនាញនេះដោយសារតែការស្រឡាញ់របស់គាត់ក្នុងការគូរ និងសិល្បៈ។ អ្វីដែលគាត់ចូលចិត្តបំផុតនោះគឺអ្នកងាចបង្កើតនូវអ្វីដែលថ្មី បង្កើតខ្នាតគម្រូ និងសិក្សាអំពីវប្បធម៌អាគារនៃប្រទេសកម្ពុជាផងដែរ។ អ្វីដែលស៊ុនថងចូលចិត្តអំពីស្ថាបត្យកម្មគឺការសិក្សាអំពីធម្មជាតិនៃបរិស្ថាន និងទីជុំវិញ ហើយមុខជំនាញនេះទាក់ទាញភាពច្នៃប្រឌិតរបស់អ្នកក្នុងការរចនា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវការសាងសង់ និងសម្របសម្រួលក្នុងប្ទេសកម្ពុជា ហើយវិស័យស្ថាបត្យកម្មគឺជាផ្នែកដែលសំខាន់ជាងគេនៃការសាងសង់សំណង់អគារ។
សម្រាប់មុខជំនាញនេះអ្នកត្រូវការពេលវេលាច្រើនដើម្បីសិក្សា ពីថ្ងៃច័ន្ទដល់សៅរ៍ និងពេលបន្ថែមដើម្បីធ្វើការស្រាវជ្រាវ។ ឈៀង បន្ថែមថាបន្ទុកការងារខុសៗគ្នាតាមមុខវិជ្ជា តែវាពិតជាត្រូវចំណាយពេលច្រើនណាស់។ ក្រោយបញ្ចប់ការសិក្សា ស៊ុនថង មានបំណងបន្ដការងារជាស្ថាបត្យករម្នាក់។ នៅពេលដែលសួរគាត់អំពីផែនការអនាគត ឈៀង លើកឡើងថាគាត់ចង់មានអាជីវកម្មផ្ទាល់ខ្លួនទាក់ទងនឹងវិស័យស្ថាបត្យកម្ម។
ឈៀង ណែនាំដល់សិស្សានុសិស្សវិទ្យាល័យទាំងឡាយឱ្យយកចិត្តទុកដាក់ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងធរណីមាត្រ ដោយសារមុខវិជ្ជាទាំងនេះមានសារៈសំខាន់ក្នុងផ្នែកស្ថាបត្យកម្មនេះ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- American University of Phnom Penh, Phnom Penh
- Angkor University, Siem Reap
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- City University, Phnom Penh
- Life University, Sihanoukville
- Limkokwing University of Creative Technology, Phnom Penh
- National Technical Training Institute , Phnom Penh
- Norton University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Paragon International University, Phnom Penh
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។