តើអ្នកពូកែខាងគណិតវិទ្យា និងរូបវិទ្យាដែរ ឬទេ? ហើយតើអ្នកចង់ប្រើប្រាស់ជំនាញទាំងនេះដើម្បីបង្កើតដំណោះស្រាយដែរ ឬទេ? តើអ្នកចង់រួមចំណែកក្នុងការអភិវឌ្ឍសង្គមដោយធ្វើការលើសំណង់ហេដ្ឋារចនា សម្ព័ន្ធ (ដូចជា ផ្លូវថ្នល់ ផ្លូវរូងក្រោមដីនិងស្ពាន) ឬសំណង់ជលសាស្ត្រ (ទំនប់ ប្រឡាយ ប្រព័ន្ធចែកចាយទឹក និងប្រព័ន្ធលូ) ដែរ ឬទេ? មុខជំនាញផ្នែកសំណង់ស៊ីវិលនឹងធ្វើឱ្យអ្នកក្លាយជាអ្នកជំនាញផ្នែកធរណីមាត្រ រូបវិទ្យា និងត្រីកោណមាត្រជាដើម។ អ្នកនឹងធ្វើការសាកល្បងគំនិតផ្សេងៗដោយប្រើប្រាស់ខ្នាត mock-ups. ។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល
ធី លីហ៊ាង (អាយុ ២១ឆ្នាំ) គឺជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញសំណង់ស៊ីវិល។ ធនវ័ត សារីក (អាយុ ២៤ឆ្នាំ) បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លីហ៊ាងនិយាយថាគាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់ស្រឡាញ់ផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា ហើយគាត់ចង់សង់សំណង់អគារ និងជួយដល់អ្នកដទៃផងដែរ ឧទាហរណ៍ដោយការសាងសង់លំនៅដ្ឋានដល់ជនក្រីក្រជាដើម។ សារីកបន្ថែមថាវិស័យ សំណង់មានសារៈសំខាន់ណាស់ក្នុងប្រទេសកម្ពុជាព្រោះប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំង ហេតុនេះហើយការសាងសង់កំពុងកើនឡើង ហើយបច្ចុប្បន្នកំពុងមានតម្រូវការអ្នកជំនាញដែលមានជំនាញនេះ។
អ្វីដែលជាចំណុចល្អនៃមុខជំនាញនេះគឺវាផ្អែកលើមូលហេតុ និងវិទ្យាសាស្ត្រ ហើយអាចប្រើបានដោយភាពច្នៃប្រឌិត និងភាពបត់បែនដរាបណាវាគួបផ្សំជាមួយនឹងស្ដង់ដារ។ ទោះជាយ៉ាងណាការគណនាសម្រាប់ការដោះស្រាយបញ្ហាអាចមានការពិបាក ហើយភស្តុតាងអាចនឹងពិបាករក។ ប៉ុន្តែបើអ្នកកាន់តែអនុវត្ត វានឹងកាន់តែងាយស្រួល។
បន្ទុកការងារមានភាពខុសៗគ្នា៖ លីហ៊ាងនិយាយថាគាត់ចំណាយពេល ៣០ម៉ោងនៅវិទ្យាស្ថាន និងត្រូវការពេលវេលាបន្ថែមដើម្បីសិក្សានៅផ្ទះ។ សារីកនិយាយថាអ្នកនឹងត្រូវសិក្សានៅសាកលវិទ្យាល័យរយៈពេល ៥ថ្ងៃក្នុងមួយសប្ដាហ៍ និង ៣ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែអ្នកនៅតែត្រូវការពេលវេលាបន្ថែមសម្រាប់រំលឹកមេរៀន និងអនុវត្តដើម្បីស្វែងយល់ពីមេរៀនទាំង អស់។
លីហ៊ាងចង់ធ្វើការនៅផ្នែកគណនានៃវិស័យសំណង់នាពេលអនាគត។ ដោយឡែកសារីកកំពុងបម្រើការងារក្នុងវិស័យ សំណង់ ហើយសង្ឃឹមថានឹងបើកជំនួញផ្ទាល់ខ្លួនក្នុងវិស័យនេះនៅពេលណាមួយនៅអនាគត។
ដំបូន្មានរបស់ពួកគេគឺថាប្រសិនបើអ្នកចាប់អារម្មណ៍មុខជំនាញនេះ៖ មុខវិជ្ជានៅវិទ្យាល័យដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាគឺមានសារៈសំខាន់ ប៉ុន្តែមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យាក៏សំខាន់ដែរព្រោះអ្នកត្រូវដឹងអំពីព័ត៌មានលម្អិតនៃទីកន្លែងដែលអ្នកនឹងសាងសង់។ ពួកគេបន្ថែមថាអ្នកក៏គួរតែយកចិត្តទុកដាក់លើមុខវិជ្ជាភាសាខ្មែរ អង់គ្លេស បារាំង សីលធម៌ពលរដ្ឋ និងមានជំនាញទំនាក់ទំនងល្អផងដែរ។ ក្រៅពីនេះអ្នកត្រូវតែជាមនុស្សដែលអាចធ្វើការដោយមានសម្ពាធ អាចធ្វើការនៅក្រោមកម្ដៅព្រះអាទិត្យ និងត្រូវត្រៀមខ្លួនធ្វើការដល់យប់ជ្រៅផងដែរ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- American University of Phnom Penh, Phnom Penh
- Angkor University, Siem Reap
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- City University, Phnom Penh
- Institute of Technology, Phnom Penh
- International University, Phnom Penh
- Life University, Sihanoukville
- National Polytechnic Institute of Cambodia, Phnom Penh
- National Technical Training Institute , Phnom Penh
- National University of Battambang, Battambang
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Paragon International University, Phnom Penh
- University of Kratie, Kratie
- University of Southeast Asia, Siem Reap
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។