តើអ្នកចង់ទទួលបានចំណេះដឹងទូលំទូលាយលើផ្នែកសេដ្ឋកិច្ចដែរ ឬទេ? ក្នុងមុខជំនាញសេដ្ឋកិច្ច អ្នកឈរលើមូលដ្ឋានគ្រឹះទូលំទូលាយមួយ និងសិក្សាពីរបៀបដែលទីផ្សារហិរញ្ញវត្ថុដំណើរការ។ មុខជំនាញនេះក៏ផ្តោតសំខាន់លើអាកប្បកិរិយារបស់អ្នកទិញ និងក្រុមហ៊ុន ក៏ដូចជាការដែលជម្រើសរបស់ពួកមានជះឥទ្ធិពលលើគ្នាទៅវិញទៅមក។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកសេដ្ឋកិច្ច
និស្សិតម្នាក់នេះដែលសុំមិនបញ្ចេញឈ្មោះកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជាផ្នែកសេដ្ឋកិច្ច។ គាត់ជ្រើសរើសជំនាញដោយសារវាមានសារៈសំខាន់សម្រាប់អាជីវកម្ម ទីផ្សារ និងហិរញ្ញវត្ថុដែលជាវិស័យមួយដែលគាត់ចង់បម្រើការនៅពេលរៀនចប់។ អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺវាផ្ដល់នូវការយល់ដឹងអំពីសេដ្ឋកិច្ច និងរបៀបដែលធ្វើឱ្យវារីកចម្រើន។ មុខវិជ្ជាដែលជាចំណូលចិត្តគឺការធ្វើទីផ្សារ។ សម្រាប់បន្ទុកការងារ គាត់ត្រូវធ្វើកិច្ចការសាលា ២ផ្សេងគ្នាក្នុងមួយសប្ដាហ៍ និងត្រូវសិក្សា ១៥ម៉ោងក្នុងមួយសប្ដាហ៍។
គាត់និយាយថាមុខវិជ្ជាវិទ្យាល័យដូចជាគណិតវិទ្យាគឺមានសារៈសំខាន់សម្រាប់ជំនាញនេះ។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច និងសេដ្ឋកិច្ចអភិវឌ្ឍន៍
ដាន ដារ៉ាវុឌ្ឍ (អាយុ១៩ឆ្នាំ) ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយកំពុងសិក្សាលើជំនាញ២ គឺ ផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច និងសេដ្ឋកិច្ចអភិវឌ្ឍន៍។ ដារ៉ាវុឌ្ឍទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយដោយសារគាត់មានចំណាប់អារម្មណ៍ខ្លាំងលើផ្នែកនយោបាយ និងសេដ្ឋកិច្ចសង្គម មុខជំនាញទាំងនេះគឺជាជម្រើសដ៏សក្ដិសមមួយ។ កន្លងមកគាត់ពិតជាពេញចិត្តជាមួយនឹងជម្រើសរបស់គាត់ដោយសារតែអ្នកនឹងសិក្សាអំពីរបៀបដែលរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាតើហេតុអ្វីបានជាការចំណាយមានការកើនឡើង ឬថយចុះ។ អ្នកក៏នឹងស្វែងយល់អំពីទំនាក់ទំនងរវាងតម្លៃ និង គុណភាពទំនិញ អ្នកនឹងសិក្សាអំពីសេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចអន្តរជាតិ និងសិក្សាថាតើទីផ្សារដំណើរការដោយរបៀបណា។
មុខវិជ្ជាដែលគាត់ចូលចិត្តរួមមានម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច ដោយសារមុខវិជ្ជាទាំងនេះផ្ដល់ឱ្យអ្នកនូវការយល់ដឹងបន្ថែមនៃសេដ្ឋកិច្ចពិភពលោក និងរបៀបដែលបុគ្គល ក្រុមហ៊ុន និងរដ្ឋមួយធ្វើសេចក្ដីសម្រេចចិត្តក្នុងពិភព សេដ្ឋកិច្ច។
អ្វីដែលពិបាកសម្រាប់គាត់គឺសម្រាប់មុខជំនាញនេះ អ្នកត្រូវតែពូកែភាសាអង់គ្លេស ដោយសារតែសៀវភៅសេដ្ឋកិច្ច និងអត្ថបទសម្រាប់ស្រាវជ្រាវភាគច្រើនសរសេរជាភាសាអង់គ្លេស។ ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍ជំនាញនេះ អ្នកគួរតែយកចិត្តទុកដាក់ពិសេសលើមុខវិជ្ជាភាសាអង់គ្លេសពេលដែលអ្នករៀនថ្នាក់វិទ្យាល័យ។ មុខវិជ្ជានៅវិទ្យាល័យមួយទៀតដែលអ្នកគួរតែផ្ដោតសំខាន់លើនោះគឺគណិតវិទ្យាព្រោះមុខវិជ្ជានេះមានសារៈសំខាន់សម្រាប់មុខវិជ្ជា សេដ្ឋកិច្ច។
ដារ៉ាវុឌ្ឍ និយាយថាមុខជំនាញទាំង២នេះគឺដូចអ្វីដែលគាត់បានរំពឹងទុកដោយសារតែគាត់ឥលូវយល់ដឹងអំពីការសម្រេចចិត្តបែបសេដ្ឋកិច្ចថាធ្វើឡើងដោយរបៀបណា។ គាត់បន្ថែមទៀតថានៅពេលអនាគត គាត់ចង់បម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- Chea Sim University of Kamchaymear, Kamchaymear
- City University, Phnom Penh
- Dewey International University, Battambang
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- University of Cambodia, Phnom Penh
- University of Economics and Finance, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។