តើអ្នកចង់ជួយអ្នកដទៃដោយមិនគិតអាយុ ពណ៌សម្បុរ និងភេទដែរ ឬទេ? នោះជំនាញក្នុងផ្នែកសង្គមកិច្ចអាចជាជំនាញសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីបញ្ហាសង្គមគ្រប់ប្រភេទដែលមនុស្សធ្លាប់ជួបប្រទះ។ អ្នកនឹងជួយអ្នកដទៃដោះស្រាយបញ្ហាទាំងនេះ ឬបង្រៀនពួកគេអំពីវិធីដោះស្រាយជាមួយនឹងបញ្ហាទាំងនេះ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកសង្គមកិច្ច
ថុនា ប៊ី (អាយុ ២២ឆ្នាំ) កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញសង្គមកិច្ច។ គាត់ចូលចិត្តសិក្សាអំពីសិទ្ធិមនុស្ស គោលនយោបាយកិច្ចការពារកុមារ និងការពង្រឹងសិទ្ធិអំណាចសហគមន៍ក្នុងមុខជំនាញនេះ។ មុខវិជ្ជាដែលជាចំណូលចិត្តរបស់គាត់គឺអភិបាលកិច្ច ព្រោះគាត់បានទទួលចំណេះដឹងទាក់ទងនឹងនយោបាយ ប្រជាធិបតេយ្យ និងអំពើពុករលួយ។ អ្វីដែលគាត់មិនចូលចិត្តគឺការដែលសិស្សនិស្សិតមិនអាចទទួលបានការងារនៅពេលកំពុងសិក្សា។ អ្នកត្រូវចំណាយពេលពីថ្ងៃច័ន្ទដល់សៅរ៍លើការអាន និងធ្វើការឆ្លុះបញ្ចាំង។ នៅពេលអនាគត ថុនា ប៊ី ចង់ក្លាយជាបុគ្គលិកសង្គមកិច្ចមួយរូបក្នុងសហគមន៍។
ប្រសិនបើអ្នកចាប់អារម្មណ៍លើមុខជំនាញនេះ គាត់គិតថាអ្នកគួរតែចូលចិត្តសកម្មភាពសង្គម និងគួរតែពូកែផ្នែកប្រវត្តិវិទ្យា ភាសាខ្មែរ ភាសាអង់គ្លេស និងសិក្សាសង្គម។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Dewey International University, Battambang
- International University, Phnom Penh
- Royal University of Phnom Penh, Phnom Penh
- Saint Paul Institute, Takeo
- University of Cambodia, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។