តើអ្នកចាប់អារម្មណ៍ក្នុងការស្រាវជ្រាវ និងធ្វើឱ្យផលិតផលចំណីអាហារមានភាពប្រសើរឡើងដែរ ឬទេ? ជាមួយនឹងជំនាញវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ អ្នកនឹងក្លាយជាអ្នកជំនាញក្នុងការផលិតអាហារដែលសាកសមសម្រាប់មនុស្សជាតិ និងរបៀបផលិត រក្សាទុក និងដឹកជញ្ជូនផលិតផលទាំងនេះឱ្យបានល្អបំផុត។ អ្នកនឹងសិក្សាអំពីអ្វីៗគ្រប់យ៉ាងអំពីរបៀបដែលផលិតផលកសិកម្មអាចដំណើរការបាន ឬផលិតផលណាដេលសាកសមសម្រាប់រាងកាយមនុស្ស និងថាតើសារធាតុណាជាសារធាតុពុលជាដើម។ អ្នកនឹងទទួលបានចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងសុខភាពមនុស្ស។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ
យឿន ចិត្រា (អាយុ ២១ឆ្នាំ) កំពុងសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យអន្តរជាតិ ជំនាញគីមីចំណីអាហារ។ នៅពេលរៀនវិទ្យាល័យ គាត់ពិតជាចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រណាស់ ហើយគ្រូគីមីវិទ្យារបស់គាត់ក៏បានណែនាំឱ្យគាត់ជ្រើសរើសយកជំនាញនេះ។ វិស័យវិទ្យាសាស្ត្រ និងចំណីអាហារកំពុងតែរីកដុះដាលខ្លាំងក្នុងប្រទេសកម្ពុជា ហើយចំណីអាហារគឺជាតម្រូវការសម្រាប់ទីផ្សារក្នុងស្រុក និងជុំវិញពិភពលោក។ អ្វីដែលគាត់ពិតជាចូលចិត្តបំផុតអំពីមុខជំនាញនេះគឺការងារមន្ទីរពិសោធន៍ ការវិភាគសំណាក និងការស្រាវជ្រាវ។ សម្រាប់បន្ទុកការងារវិញ គាត់និយាយថាគាត់បានរៀបចំកាលវិភាគប្រចាំសប្ដាហ៍ដោយសារតែគាត់បានចូលរួមក្រុមសិក្សាស្រាវជ្រាវ ហេតុនេះហើយគាត់មានកិច្ចការបន្ថែមដូចជាការប្រមូលសំណាក ការវិភាគ ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍សម្រាប់ក្រុមនេះផងដែរ។ មុខវិជ្ជាដែលគាត់ចូលចិត្តបំផុតនោះគឺសារធាតុបន្ថែមអាហារ និងជាតិពុល គីមីចំណីអាហារ និងដំណើរការចំណីអាហារ។ មុខវិជ្ជាទាំងនោះពិតជាមានសារៈសំខាន់ក្នុងវិស័យគីមីចំណីអាហារ។ មុខជំនាញនេះផ្ដល់លើសពីការរំពឹងទុករបស់គាត់ ព្រោះវាបានផ្ដល់នូវការបង្រៀនអំពីបច្ចេកវិទ្យា និងឱកាសផ្សេងៗទៀត ហេតុនេះសិស្សានុសិស្សទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យពិនិត្យមើលជំនាញនេះព្រោះវាមានសារៈសំខាន់។ ចិន្ត្រាចង់បន្តថ្នាក់អនុបណ្ឌិតរបស់គាត់មុនពេលគាត់ស្វែងរកការងារធ្វើ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Institute of Technology, Phnom Penh
- National University of Battambang, Battambang
- Prek Leap National College of Agriculture, Phnom Penh
- Saint Paul Institute, Takeo
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។