តើអ្នកចង់ទទួលបានចំណេះដឹងអំពីបញ្ហាជុំវិញនយោបាយដែរ ឬទេ? មុខជំនាញក្នុងផ្នែកវិទ្យសាស្ត្រនយោបាយផ្ដោតលើការសិក្សាអំពីរដ្ឋាភិបាលជាតិ និងអន្តរជាតិ។ អ្នកនឹងសិក្សាអំពីរបៀបដែលការសម្រេចចិត្តបែបនយោបាយ និងគោលនយោបាយនានាត្រូវបានបង្កើត និងថាតើវាមានផលប៉ះពាល់យ៉ាងដុចម្ដេចខ្លះចំពោះសង្គម។ អ្នកនឹងទទួលបានចំណេះដឹងអំពីប្រធានបទដូចជាជម្លោះដែលកើតឡើងលើសាកលលោក ទំនាក់ទំនងអន្តរជាត និងអង្គការនយោបាយនានា។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ
ប៊ុណ្ណា វណ្ណ (អាយុ ២៥ឆ្នាំ) គឺជាសហការីស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព។ គាត់ក៏ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី២ម្នាក់នៃសាកលវិទ្យាល័យ Jamia Millia Islamia នៃទីក្រុង ញូវដេលីប្រទេសឥណ្ឌា។ គាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់មានចំណាប់អារម្មណ៍ខ្លាំងចំពោះការងារសង្គម និងព័ត៌មានសង្គម និងនយោបាយ។
មកដល់បច្ចុប្បន្នមុខវិជ្ជាដែលគាត់ចូលចិត្តបំផុតសម្រាប់ជំនាញនេះគឺទស្សនៈនយោបាយ លទ្ធិប្រជាធិបតេយ្យ និងប្រវត្តិ សាស្ត្រពិភពលោក។ មុខវិជ្ជាទស្សនៈនយោបាយដោយសារអ្នកនឹងសិក្សាអំពីទស្សនៈវិទូ និងអ្នកនយោបាយជាច្រើន និងថាតើហេតុអ្វីបានជាមានការកើតឡើងនៃរដ្ឋធានី និងថាតើទម្រង់រដ្ឋាភិបាលណាមួយដែលសក្ដិសមនឹងប្រទេសមួយ។ មុខវិជ្ជាលទ្ធិប្រជាធិបតេយ្យពន្យល់ថាតើហេតុអ្វីបានជាប្រទេសជាច្រើនអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយឡែកប្រវត្តិសាស្ត្រពិភពលោកផ្ដល់នូវការយល់ដឹងអំពីការអភិវឌ្ឍរបស់ពិភពលោកមកដល់បច្ចុប្បន្ន។ គាត់ក៏ចូលចិត្តការវែកញែក និងពិភាក្សាផងដែរ ដោយសារមុខវិជ្ជាទាំងនេះមានហេតុផលឱ្យចេះឱ្យតម្លៃទស្សនៈវិស័យផ្សេងៗគ្នា និងចេះគោរពអ្នកដទៃ។
សម្រាប់មុខជំនាញនេះ សិស្សនិស្សិតត្រូវការពេលវេលាច្រើនដើម្បីសិក្សាដោយខ្លួនឯង និងការស្រាវជ្រាវ។ វណ្ណ តែងតែចំណាយពេល ៦ថ្ងៃក្នុងមួយសប្ដាហ៍លើកិច្ចការសាលា និងកិច្ចការផ្ទះ។
នៅពេលអនាគត វណ្ណ ចង់ក្លាយជាអ្នកវិទ្យាសាស្ត្រនយោបាយ ឬមន្រ្តីជួររដ្ឋាភិបាលមួយរូប។
យោងតាមប៊ុណ្ណា វណ្ណ មុខវិជ្ជាវិទ្យាល័យដែលសំខាន់សម្រាប់ជំនាញនេះរួមមានប្រវត្តិវិទ្យា ភូមិវិទ្យា (សម្រាប់ជំនាញនេះនយោបាយភូមិសាស្ត្រគឺសំខាន់) និងភាសាអង់គ្លេសដោយសារតែឯកសារភាគច្រើនគឺជាភាសាអង់គ្លេស។ ប្រសិនបើអ្នកចង់សិក្សាជំនាញនេះអ្នកគួរតែមានចំណាប់អារម្មណ៍ខ្លាំងក្នុងការងារសង្គម និងការវិភាគព័ត៌មានសង្គម និងនយោបាយ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- City University, Phnom Penh
- Dewey International University, Battambang
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Paragon International University, Phnom Penh
- University of Cambodia, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។