ប្រសិនបើអ្នកចង់ដឹងអំពីប្រភេទព្រៃ ដើមឈើ និងជីវិតសត្វព្រៃនោះជំនាញក្នុងវិស័យព្រៃឈើអាចជាជម្រើសសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីរបៀបថែរក្សា និងអភិរក្សព្រៃឈើ របៀបការពារភ្លើងឆេះព្រៃ និងរបៀបថែរក្សាជីវិតសត្វព្រៃក្នុងបរិស្ថានព្រៃឈើផ្សេងៗ។ អ្នកនឹងក្រលេកមកមើលទស្សនៈទាំងនេះដោយពិចារណាអំពីផលប៉ះពាល់នៃបរិស្ថាន សេដ្ឋកិច្ច និងការកែច្នៃឡើងវិញជាដើម។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកព្រៃឈើ
ស៊ាលី (អាយុ ២៤ឆ្នាំ) ជានិស្សិតឆ្នាំទី ២ ជំនាញព្រៃឈើនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ ស្រឡាញ់ការដាំដុះ និងចង់ធ្វើការស្រាវជ្រាវក្នុងវិស័យនេះ និងក្លាយជាអ្នកជំនាញក្នុងការងារទាក់ទងផ្នែកព្រៃឈើ។ អ្វីដែលគាត់ចូលចិត្តអំពីមុខជំនាញនេះគឺការដែលគាត់ធ្វើការផ្ទាល់នៅក្នុងតំបន់ព្រៃ និងសិក្សាអំពីការគ្រប់គ្រងធនធានធម្មជាតិ និងរុក្ខជាតិ និងបរិស្ថាន។ លើសពីនេះ គាត់ទទួលបានចំណេះដឹងអំពីរុក្ខជាតិ និងការដាំដំណាំ និងការមើលថែរុក្ខជាតិ និងព្រៃឈើ។ មុខវិជ្ជាចំណូលចិត្តរបស់គាត់គឺការសិក្សាអំពីរុក្ខជាតិ ដោយសារគាត់បានរៀនអំពីអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងរុក្ខជាតិដូចជាឈ្មោះ រាងមែក និងស្លឹកជាដើម។ លី បន្ថែមថាគាត់ត្រូវសិក្សា៥ថ្ងៃក្នុងមួយសប្ដាហ៍ពីម៉ោង ៨ ដល់ម៉ោង ១២ ប៉ុន្តែគាត់ចូលចិត្ត។ នៅពេលអនាគត លី សង្ឃឹមថានឹងបានធ្វើការជាមន្ត្រីរាជការម្នាក់ ឧទាហរណ៍អាចជាអ្នកអភិរក្សនៃក្រសួងបរិស្ថាន ឬជា មេព្រៃនៃរដ្ឋបាលព្រៃឈើ ប៉ុន្តែវាមានជម្រើសច្រើនជាងនេះ។ គាត់ក៏ចង់បើកអាជីវកម្មផ្ទាល់ខ្លួន និងលក់រុក្ខជាតិសម្រាប់តុបតែងផងដែរ។
ដំបូន្មានរបស់គាត់សម្រាប់សិស្សវិទ្យាល័យដែលមានចំណាប់អារម្មណ៍ផ្នែកនេះ៖ យកចិត្តទុកដាក់ជាពិសេសលើមុខវិជ្ជាដូចជាជីវវិទ្យា ភូមិវិទ្យា និងគីមីវិទ្យា។ ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រគឺមានសារៈសំខាន់សម្រាប់ការស្រាវជ្រាវក្នុងវិស័យនេះ ហើយអ្នកត្រូវតែអាចទំនាក់ទំនងជាមួយអ្នកដទៃផងដែរ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- City University, Phnom Penh
- International University, Phnom Penh
- Prek Leap National College of Agriculture, Phnom Penh
- Royal University of Agriculture, Phnom Penh
- University of Management and Economics, Battambang
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។