តើអ្នកចាប់អារម្មណ៍ជំនាញនៃការតម្លើង ការកំណត់រចនាសម្ព័ន្ធ ការប្រតិបត្តិការ និងការជួសជុលបណ្ដាញ
កុំព្យូទ័រដែរ ឬទេ? នោះមុខជំនាញក្នុងព័ត៌មានវិទ្យា និងបច្ចេកវិទ្យាបណ្ដាញកុំព្យូទ័រអាចជាជម្រើសល្អសម្រាប់
អ្នក។ ការផ្ដោតសំខាន់នៃមុខជំនាញនេះគឺការតភ្ជាប់រវាងកុំព្យូទ័រ ទៅនឹងប្រព័ន្ធទំនាក់ទំនងឌីជីថលនានា។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកបច្ចេកវិទ្យាបណ្ដាញកុំព្យូទ័រ និងព័ត៌មានវិទ្យា
ហន មេនសាង (អាយុ២៣ឆ្នាំ) បានទទួលអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ
បច្ចេកវិទ្យា IIC ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅវិទ្យាស្ថានជាតិអប់រំ (NIE) ដើម្បីយកសញ្ញាបត្របរិញ្ញាបត្របន្ថែមមួយទៀតក្នុងជំនាញព័ត៌មានវិទ្យាដើម្បីអាចក្លាយជាគ្រូបង្រៀន។ គាត់បានជ្រើសរើសជំនាញនេះដោយសារគាត់មានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយម៉ាស៊ីន និងចង់ធ្វើការដោយឯករាជ្យ ដោយមិនមានការបង្គាប់បញ្ជាច្រើនពីអ្នកដទៃ។
ព័ត៌មានវិទ្យាមានជំនាញផ្សេងៗជាច្រើន ហើយជំនាញដែលគាត់ចូលចិត្តជាងគេនោះគឺ ការបង្កើតសូហ្វវែ ការរចនា និងបណ្ដាញ។មេនសានចូលចិត្តជំនាញការរចនាគេហទំព័រជាងគេបង្អស់ដោយសារតែគាត់អាចសរសេរនូវគេហទំព័រដោយខ្លួនឯងបាន ហើយគាត់ក៏អាចយកចំណេះដឹងដែលមានមកអនុវត្តផងដែរ។
បន្ទុកការងារអាចជាបញ្ហាប្រឈមខ្លះដែរដោយសារតែការងារត្រូវធ្វើឱ្យបានទាន់តាមការកំណត់។ សិក្សានៅសាកល
វិទ្យាល័យមានន័យថាសិក្សា ៣ម៉ោងក្នុងមួយថ្ងៃ និង ៥ថ្ងៃមួយសប្ដាហ៍។ យ៉ាងណាមិញអ្នកត្រូវទុកពេលបន្ថែមសម្រាប់ធ្វើការស្រាវជ្រាវដើម្បីស្វែងយល់អំពីបញ្ហាឱ្យកាន់តែប្រសើរ ហើយអ្នកត្រូវរៀនវគ្គខ្លីៗបន្ថែមដែលពាក់ព័ន្ធនឹងមុខជំនាញដែលបានជ្រើសរើស។
មេនសាងពេញចិត្តដែលបានជ្រើសរើសជំនាញនេះសិក្សា។ គុណវិបត្តិគឺនៅត្រង់ថា ត្រូវធ្វើការជាមួយកុំព្យូទ័រពេញមួយថ្ងៃ ហើយវាធ្វើឱ្យគាត់មានបញ្ហាជាមួយនឹងភ្នែករបស់គាត់ និងឈឺក្បាល។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់ក្លាយជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យាពីព្រោះវាសក្ដិសមនឹងលក្ខខណ្ឌ និងតម្រូវការរបស់គាត់។
មេនសាងគិតថាមុខវិជ្ជានៅថ្នាក់វិទ្យាល័យរួមមាន គណិតវិទ្យា ភាសាអង់គ្លេស និងរូបវិទ្យា គឺមានសារៈសំខាន់ប្រសិនបើអ្នកចង់ធ្វើការនៅក្នុងវិស័យនេះ។ គាត់បានបញ្ជាក់ទៀតថាអ្នកដែលមានចំណាប់អារម្មណ៍ជ្រើសរើសជំនាញព័ត៌មានវិទ្យាគួរតែរៀនយ៉ាងហោចណាស់វគ្គជំនាញខ្លីមួយនៅសាលាឯកជនដើម្បីស្វែងយល់ថាតើជំនាញណាមួយដែលពួកគេពិតជាចូលចិត្ត ហើយធ្វើដូចនេះក៏អាចជួយពួកគេក្នុងការរកការងារផងដែរ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- American University of Phnom Penh, Phnom Penh
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- IIC University of Technology, Phnom Penh
- Institute of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Mean Chey University, Banteay Meanchey
- National Institute of Business, Phnom Penh
- National Technical Training Institute , Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Royal University of Law and Economics, Phnom Penh
- Saint Paul Institute, Takeo
- University of Cambodia, Phnom Penh
- University of Kratie, Kratie
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។