តើអ្នកចង់ត្រឡប់ទៅអតីតកាល ហើយពន្យល់ពីសង្គមបច្ចុប្បន្នដោយវិភាគលើសម្ភារៈដែលនៅសេសសល់ និងវត្ថុជាប្រវត្តិសាស្ត្រដែរ ឬទេ? តើអ្នកចង់យកឯកទេសផ្នែកបេតិកភ័ណ្ឌវប្បធម៌ និងសិល្បៈដែរ ឬទេ? នោះជំនាញបុរាណវិទ្យា និងប្រវត្តិសិល្បៈជាជម្រើសដ៏សាកសមមួយ។ អ្នកនឹងទទួលបានចំណេះដឹងអំពីរបៀបដែលមនុស្សធ្លាប់រស់នៅក្នុងអតីតកាល វត្ថុណាខ្លះដែលពួកគេបានបង្កើត និងរបៀបវិភាគវត្ថុទាំងអស់នេះតាមរយៈវិធីសាស្ត្រស្រាវជ្រាវផ្សេងៗ។ ប្រសិនបើអ្នកជ្រើសរើសឯកទេសប្រវត្តិសិល្បៈ អ្នកនឹងសិក្សាអំពីប្រធានបទទាំងនេះក្នុងបរិបទប្រវត្តិសិល្បៈ។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈ
ប៉ឹង ស្រីណុច (អាយុ ២៦ឆ្នាំ) ទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញបុរាណវិទ្យា។ មុខជំនាញនេះគួរឱ្យទាក់ទាញសម្រាប់គាត់ដោយសារគាត់ចង់ស្វែងយល់បន្ថែមអំពីសំណង់ និងទម្រង់សិល្បៈបុរាណ។ គាត់ជ្រើសរើសសិក្សាផ្នែកបុរាណវិទ្យាដោយសារនេះគឺជាការសិក្សាអំពីវត្ថុបុរាណដែលនៅសេសសល់ក្នុង និងលើដី។ ហេតុនេះហើយបានជាជំនាញនេះសក្ដិសមនឹងគាត់ឥតខ្ចោះ។
ស្រីណុចពិតជាចូលចិត្តសិក្សាអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈនៃប្រទេសផ្សេងៗដែលទាក់ទងនឹងប្រទេសកម្ពុជា។ ស្រីណុចចូលចិត្តមុខវិជ្ជាដូចជា ប្រវត្តិសាស្ត្រ និងប្រវត្តិសិល្បៈបុរាណខ្មែរ ដោយសារតែមុខវិជ្ជាទាំងនេះផ្ដល់នូវចំណេះដឹងលម្អិតដែលអ្នកត្រូវដឹងពេលទៅទស្សនាប្រាសាទ និងតំបន់បុរាណ។ ស្រីណុចក៏ចូលចិត្តដំណើរទស្សនកិច្ចទៅបណ្ដាខេត្តផងដែរដើម្បីស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់ និងសាសនា ហើយនិងស្វែងរកភស្ដុតាងដែលនៅសល់នៅតាមប្រាសាទ និងតំបន់បុរាណ។ ការធ្វើកំណាយដើម្បីស្វែងរកភស្តុតាងដែលនឹងបង្ហាញវត្ថុអំពីប្រវត្តិសាស្ត្រ គឺជាសកម្មភាពមួយផ្សេងទៀតដែលស្រីណុចចូលចិត្តពេលនៅសិក្សា។ អ្វីដែលគាត់មិនចូលចិត្តនោះគឺការសិក្សាភាសាបាលី និងសំស្រ្កឹត ដោយសារតែវាលម្អិតពេក និងពិតជាស្មុគស្មាញណាស់។
អ្នកត្រូវខិតខំឱ្យខ្លាំងសម្រាប់កិច្ចការភាគច្រើនដូចជាធ្វើការស្រាវជ្រាវ និងអានឯកសារជាច្រើន ដែលឯកសារទាំងនោះភាគច្រើនជាភាសាអង់គ្លេស ឬបារាំង។ ដូច្នេះប្រសិនបើអ្នកខ្សោយផ្នែកភាសា អ្នកត្រូវចំណាយពេលបន្ថែមច្រើនដើម្បីស្វែងយល់ពីវា។
បច្ចុប្បន្នស្រីណុចកំពុងបម្រើការងារនៅវិស័យវប្បធម៌ដូចដែលបានគ្រោងទុក ប៉ុន្តែគាត់សង្ឃឹមថានឹងក្លាយជាអ្នកស្រាវជ្រាវម្នាក់ពេលអនាគតបន្ទាប់ពីគាត់ទទួលបានបទពិសោធន៍ការងារបន្ថែមទៀត។
ស្រីណុចលើកឡើងថាមុខវិជ្ជានៅវិទ្យាល័យដែលសំខាន់សម្រាប់ជំនាញនេះគឺប្រវត្តិវិទ្យា និងភាសាខ្មែរ។ អ្នកត្រូវការមុខវិជ្ជាទាំងនេះដោយសារតែវាជាអ្វីដែលអ្នកនឹងរៀនបន្ថែម និងកាន់តែស៊ីជម្រៅពេលនៅសាកលវិទ្យាល័យ។ ភាសាបារាំង និងភាសាអង់គ្លេសក៏មានសារៈសំខាន់ផងដែរ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។