ក្នុងនាមជាមេធាវីគឺមានតួនាទីលើសពីការការពារក្ដីជូនកូនក្ដី ឬក្រុមហ៊ុនក្នុងតុលាការ។ ក្នុងមុខជំនាញច្បាប់នេះ អ្នកនឹងសិក្សាអំពីការធ្វើការស្រាវជ្រាវ ការប្រមូលភស្តុតាង ទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងៗ និងការរៀបចំឯកសារច្បាប់ផ្សេងៗផងដែរ។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកច្បាប់
ធី វិឈាងមានអាយុ ២៥ឆ្នាំ សិក្សាមុខជំនាញផ្នែកច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងឆ្នាំទី៤នៃការសិក្សា។ បន្ទាប់ពីបានសិក្សាមុខជំនាញគ្រប់គ្រងអាជីវកម្មបានមួយរយៈ គាត់បានសម្រេចចិត្តដើរតាមក្ដីសុបិន្តរបស់គាត់ និងផ្លាស់ប្ដូរជំនាញមកផ្នែកច្បាប់វិញ។ គាត់ចូលចិត្តអានកាសែត និងមានមន្ទិលថាតើអំណាចរបស់រដ្ឋាភិបាលមានឥទ្ធិពលលើប្រជាជនទូទៅដោយរបៀបណា។ លើសពីនេះគាត់ក៏ចង់សិក្សាបន្ថែមអំពីទំនាក់ទំនងនយោបាយរវាងប្រទេសនានា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមផងដែរ។ ថង ចន្ថា (អាយុ៣០ឆ្នាំ) សិក្សាជំនាញច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ គាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់តែងតែមានចំណាប់អារម្មណ៍លើភាពយុត្តិធម៌។ អ្វីដែលគាត់ចូលចិត្តអំពីមុខជំនាញនេះគឺការដែលអ្នករៀនអំពីរបៀបគិតគូរឱ្យបានល្អិតល្អន់ របៀបស្វែងរកបញ្ហា និងរបៀបដោះស្រាយបញ្ហាទាំងនេះដោយរិះរកដំណោះស្រាយតាមផ្លូវច្បាប់។ បន្ទុកការងារគឺមានទំហំធំ ដោយសារតែគាត់សិក្សាកម្មវិធីច្បាប់ថ្នាក់បរិញ្ញាបត្រជាភាសាអង់គ្លេស(ELBBL) និងសិក្សាច្បាប់រដ្ឋប្បវេណី ប្រព័ន្ធច្បាប់ទូទៅ និងច្បាប់អន្តរជាតិ។ ការអាន និងស្រាវជ្រាវគឺភាគច្រើនជាភាសាអង់គ្លេស ហើយត្រូវចំណាយពេលច្រើន។ វិឈាងពុំមានពេលទំនេរច្រើននោះទេដោយគាត់ត្រូវចំណាយពេលជាច្រើនសិក្សា និងសង្ខេបច្បាប់ និងនីតិវិធីផ្សេងៗ។ រៀងរាល់ថ្ងៃគាត់ចំណាយពេលលើសពី ៨ម៉ោងដើម្បីអានអត្ថបទ។ ប៉ុន្តែជាមួយនឹងជំនាញទាំងអស់នេះ គាត់និយាយថាគាត់ពិតជាត្រូវការពង្រឹងជំនាញរបស់គាត់បន្ថែមទៀត! បច្ចុប្បន្នវិឈាងកំពុងបម្រើការងារជាជំនួយការផ្នែកច្បាប់នៅក្រុមហ៊ុនច្បាប់មួយ និងមានបំណងក្លាយជាមេធាវីផ្នែកពាណិជ្ជកម្មបន្ទាប់ពីបញ្ចប់ការសិក្សា។
គន្លឹះរបស់គាត់សម្រាប់អ្នក? វិឈាងបានបង្កើតបញ្ជីត្រួតពិនិត្យមួយដើម្បីរៀបចំខ្លួនឱ្យបានរួចរាល់មុនពេលដាក់ពាក្យរៀនមុខជំនាញច្បាប់នេះ៖
១. ត្រូវស្គាល់អំពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងទេពកោសល្យ ចាប់តាំងពីពេញចាប់ផ្ដើមចូលរៀន។ រាយចំណុចជាអត្ថិភាពរបស់អ្នក និងគំនិតគួរឱ្យចាប់អារម្មណ៍ទាំងឡាយណាដែលអ្នកនឹកឃើញលើក្រដាស។ បន្ទាប់មកពិនិត្យថាតើណាមួយដែលសាកសមនឹងសមត្ថភាពរបស់អ្នក និងចំណេះដឹងរបស់អ្នកជាងគេ។
២. កុំមានការភ័យខ្លាចក្នុងការក្រោកឈរឡើងដើម្បីការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក – បើទោះបីជាគ្មាននរណាម្នាក់គាំទ្រអ្នកក៏ដោយ។ លើសពីនេះ សូមកុំឱ្យអ្នកដទៃមានឥទ្ធិពលមកលើអ្នកនៅពេលដែលត្រូវជ្រើសរើសមុខរបរ ឬមុខវិជ្ជាដើម្បីសិក្សានៅសាកលវិទ្យាល័យ។
៣. ត្រូវមានចំណូលចិត្ត និងការតស៊ូ។ ត្រូវខិតខំធ្វើការរហូតទាល់តែអ្នកមានអារម្មណ៍ថាគ្រប់គ្រាន់ល្មមនឹងចំណេះដឹង និងជំនាញរបស់អ្នក។
ចន្ថាលើកឡើងថាមុខវិជ្ជានៅវិទ្យាល័យដូចជាអក្សរសាស្ត្រខ្មែរ ប្រវិត្តវិទ្យា និងគណិតវិទ្យាគឺមានសារៈសំខាន់សម្រាប់សិក្សាមុខជំនាញនេះ។ មុខវិជ្ជាអក្សរសាស្ត្រខ្មែរបង្រៀនគាត់ឱ្យសរសេរសំណេរ ហើយប្រវត្តិវិទ្យាបង្រៀនគាត់អំពីការផ្លាស់ប្ដូរសង្គមក្នុងរយៈពេលកន្លងមក និងគណិតវិទ្យាបង្រៀនគាត់ឱ្យចេះពិចារណាឱ្យបានស៊ីជម្រៅ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- American University of Phnom Penh, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- City University, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Phnom Penh International University, Phnom Penh
- Royal University of Law and Economics, Phnom Penh
- University of Cambodia, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។