ប្រសិនបើអ្នកចង់សិក្សាអំពីអាកប្បកិរិយាទាំងឡាយរបស់មនុស្ស ទាំងអាកប្បកិរិយាបុគ្គល និងក្រុម នោះមុខជំនាញក្នុងផ្នែកចិត្តវិទ្យាអាចជាជំនាញសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីកត្តាទាំងឡាយដែលមានឥទ្ធិពលលើអាកប្បកិរិយារបស់មនុស្ស និងសុខភាពផ្លូវចិត្តរបស់ពួកគេ។ ក្រៅពីនេះ អ្នកនឹងសិក្សាអំពីដំណើរការនៃសតិបញ្ញា ថាតើខួរក្បាលដំណើរការដោយរបៀបណា និងបញ្ហាផ្លូវចិត្ត។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកចិត្តសាស្ត្រ
លីអាង មានអាយុ២៨ឆ្នាំ និងបានសិក្សាជំនាញចិត្តសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ចង់ជួយអ្នកដទៃដែលកំពុងប្រឈមមុខនឹងបញ្ហា ហើយគាត់ជឿថាបញ្ហាជាច្រើនទាំងនោះទាក់ទងទៅនឹងបញ្ហាសុខភាពផ្លូវចិត្ត។ មូលហេតុសំខាន់មួយទៀតនោះគឺ មុខជំនាញនេះផ្ដល់ឱ្យគាត់នូវឱកាសបានស្គាល់ខ្លួនឯងប្រសើរជាងនេះ។
ការអភិវឌ្ឍជំនាញទំនាក់ទំនង និងសិក្សាស្វែងយល់ពីអារម្មណ៍អ្នកដទៃគឺជាអ្វីដែលគាត់ពេញចិត្តបំផុតចំពោះមុខជំនាញនេះ។ កិច្ចការសាលាភាគច្រើនគួបមានការស្រាវជ្រាវ ការពិភាក្សាក្រុម និងការធ្វើបទបង្ហាញ។ មុខវិជ្ជាដែលលីអាងចូលចិត្តគឺការពិគ្រោះប្រឹក្សា។ វាគឺជាមុខវិជ្ជាសំខាន់មួយដោយសារតែវាអាចជួយអ្នកដែលកំពុងជួបបញ្ហាវិបត្តិបាក់ទឹកចិត្ត។ វគ្គសិក្សាផ្សេងទៀតដែលគាត់រៀនសូត្ររួមមានឱសថសាស្ត្រ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង។ មុខវិជ្ជាសំខាន់ៗសម្រាប់អ្នកចិត្តសាស្ត្រ ដោយសារមុខជំនាញទាំងនោះផ្ដោតលើការធ្វើការជាមួយមនុស្ស។ លីអាងបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានគម្រោងចង់ក្លាយជាទីប្រឹក្សាមួយរូប។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- International University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Royal University of Phnom Penh, Phnom Penh
- University of Cambodia, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។