ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TESOL)

All majors

ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TESOL)

ជាមួយនឹងមុខជំនាញ TESOL អ្នកនឹងទទួលបានជំនាញដែលអ្នកត្រូវការដើម្បីបង្រៀនសិស្សនូវភាសាអង់គ្លេសជាភាសាទីពីរ។ កម្មវិធីសិក្សាផ្ដោតលើជំនាញទាំងឡាយដែលពាក់ព័ន្ធនឹងការសិក្សាភាសាបរទេស និងមានបំណងសម្រេចឱ្យបាននូវបទពិសោធន៍ប្រកបដោយការអនុវត្ត និងចំណេះដឹងលើផ្នែកទ្រឹស្ដី។ អ្នកនឹងសិក្សាអំពីទ្រឹស្ដីពាក់ព័ន្ធទាំងឡាយអំពីការសិក្សាភាសាបរទេស សម្ភារៈបង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងការដោះស្រាយជាមួយនឹងសិស្សដែលមានភាពខុសៗគ្នា។

បទសម្ភាសន៍ជាមួយនឹងនិស្សិតសិក្សាជំនាញ TESOL

សេង ដានីន (អាយុ ២៤ឆ្នាំ) ជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TESOL) ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ គាត់បានជ្រើសរើសជំនាញនេះដោយសារវាជាជំនាញដែលបង្រៀនភាសាអង់គ្លេស។ អ្វីដែលទាក់ទាញគាត់ឱ្យរើសយកជំនាញនេះគឺការដែលអ្នកត្រូវបានបង្រៀនជំនាញគរុកោសល្យ និងសិក្សាអំពីដំណើរការនៃការរៀនភាសា ហេតុនេះអ្នកអាចសិក្សាពីរបៀបបង្រៀនប្រកបដោយប្រសិទ្ធភាព។ សេក គីមចេង (២៣ឆ្នាំ) សិក្សាជំនាញ TESOL នៅសាកលវិទ្យាបញ្ញាសាស្ត្រាកម្ពុជាឆ្នាំទី៤។ កាលពីនៅថ្នាក់វិទ្យាល័យ គាត់ដឹងថាគាត់ពិតជាចូលចិត្តភាសាអង់គ្លេស ហើយគាត់បានបង្រៀនភាសានេះទៅកាន់ប្អូនជីដូនមួយរបស់ គាត់។ ក្រៅពីនេះ គាត់គិតថាភាសាអង់គ្លេសគឺមានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ន ហើយវាជាភាសាដែលធ្វើឱ្យគាត់មានជំនឿចិត្តលើខ្លួនឯង។ គោលដៅរបស់គាត់គឺចែករំលែកនូវចំណេះដឹងដែលគាត់បានសិក្សាជាមួយក្មេងៗដែលរស់នៅឆ្ងាយពីទីក្រុង ឬនៅជនបទ ហើយមានការលំបាកក្នុងការទទួលបានការអប់រំ។ អ្វីដែលទាក់ចិត្តគាត់ឱ្យជ្រើសរើសជំនាញ TESOL នេះគឺភាសាប្រព័ន្ធរបស់វា និងការដែលវាធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់អាចធ្វើអ្វីគ្រប់យ៉ាងបានជាមួយនឹងភាសាអង់គ្លេសនេះ (ដូចជាធ្វើដំណើរជុំវិញពិភពលោក ឬបង្រៀនភាសាអង់គ្លេសនៅប្រទេសដទៃជាជាងប្រទេសកម្ពុជា!) ។ លើសពីនេះគាត់សិក្សាអំពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រផ្សេងៗដែលគាត់អាចយកមកអនុវត្តនៅកន្លែងធ្វើការ និងជីវិតប្រចាំថ្ងៃរបស់គាត់។  គីមចេងសិក្សារយៈពេល ៣ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវសម្រេចចិត្តឈប់ធ្វើការដោយសារតែកាលវិភាគដ៏ មមាញឹក។ គាត់មានពេលទំនេរនៅចុងសប្ដាហ៍។​ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់ធ្វើការនៅអង្គការមិនមែន រដ្ឋាភិបាលមួយដែលអនុញ្ញាតឱ្យគាត់ចែករំលែកចំណេះដឹងរបស់គាត់ជាមួយកុមារ និងលើកទឹកចិត្តពួកគេឱ្យក្លាយជាធនធានមនុស្សល្អក្នុងសង្គម។

គន្លឹះរបស់គាត់សម្រាប់អ្នក? ខិតខំសិក្សា ស្ដាប់ដំបូន្មានគ្រូ និងត្រូវច្បាស់ក្នុងចិត្តថាមូលហេតុដែលអ្នកជ្រើសរើសយកជំនាញនេះដោយសារតែអ្នកពិតចូលចិត្តវាខ្លាំង។ សូមធ្វើតាមចិត្តរបស់អ្នក មិនមែនតាមគំនិតគ្រួសារ ឬមិត្តភក្ដិរបស់អ្នកទេ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។