ការគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

All majors

ការគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

តើអ្នកកំពុងគិតចង់ក្លាយខ្លួនជាអ្នកគ្រប់គ្រងម្នាក់នៃភ្នាក់ងារទេសចរណ៍ អ្នក​ប្រតិបត្តិការ​ទេសចរណ៍ ឬខ្សែ
សង្វាក់សណ្ឋាគារដែរ ឬទេ? ឬថាតើអ្នកចូលចិត្តរៀនពីរបៀបផ្សព្វផ្សាយកន្លែងដើរលេងសម្រាប់ទេសចរដែរ ឬទេ? ក្នុងមុខជំនាញនេះ អ្នកនឹងរៀនរៀបចំ និងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ ឬអ្នកនឹងយល់អំពីអ្វីគ្រប់យ៉ាងអំពីវិស័យសណ្ឋាគារ។

បទសម្ភាសន៍ជាមួយនិស្សិតដែលសិក្សាជំនាញគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ទេព ធីតាមានអាយុ ២៥ឆ្នាំ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី​៤ សិក្សាជំនាញគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ គាត់សម្រេចចិត្តដាក់ពាក្យរៀនមុខជំនាញក្នុងវិស័យគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ចបន្ទាប់ពីគាត់បានចូលធ្វើការជាអ្នកផ្ដល់ព័ត៌មាននៅផ្ទះសំណាក់មួយកន្លែងរយៈពេល៣ឆ្នាំដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់។ នៅទីនោះគាត់មានទំនួលខុសត្រូវលើ
កិច្ចការមួយចំនួនចាប់ពីការផ្ដល់កន្លែងស្នាក់ដល់ភ្ញៀវ ដល់ការគ្រប់គ្រងការកក់ ការងាររដ្ឋាបាល និងម្ហូប
ភេសជ្ជៈជាដើម។ ទីនោះគឺជាកន្លែងដែលគាត់រកឃើញចំណូលចិត្តពិតប្រាកដរបស់គាត់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

មុខវិជ្ជាដែលគាត់ចូលចិត្តក្នុងជំនាញមានដូចជាជំនាញទំនាក់ទំនងនៅកន្លែងការងារ ការគ្រប់គ្រងប្រតិបត្តិការទេសចរណ៍ និងការស្វែងយល់អំពីធុរកិច្ច។​ គាត់ចូលចិត្តមុខវិជ្ជាការគ្រប់គ្រងប្រតិបត្តិការទេសចរណ៍ជាងគេដោយសារតែមុខវិជ្ជានេះរួមបញ្ចូលការសិក្សា និងធ្វើការជាមួយគ្នា។ វាធ្វើឱ្យគាត់ទទួលបានបទពិសោធន៍ការងារក្នុងតួនាទីជាច្រើនផ្សេងគ្នា។ នៅក្នុងឆ្នាំទី១ គាត់បានធ្វើការជាអ្នកសម្របសម្រួលផ្ទះស្នាក់នៅមួយនៅមជ្ឈមណ្ឌលជម្រុញការពង្រឹងអំណាច(ACE)។ គាត់បានផ្ដល់កន្លែងស្នាក់ដល់ទេសចរបរទេសដើម្បីបង្ហាញពួកគាត់នូវសហគមន៍ និងកន្លែងទេសចរណ៍នៅរាជធានីភ្នំពេញ និងធានាថាពួកគាត់រីករាយកំឡុងពេលនៃការស្នាក់នៅរបស់គាត។ នៅក្នុងឆ្នាំទី៣ គាត់បានធ្វើការជាអ្នកប្រតិបត្តិការទេសចរណ៍នៅក្រុមហ៊ុនទេសចរណ៍
អេមរីតា ដែលគាត់ទទួលបន្ទុកផ្នែកកម្មវិធីទេសចរណ៍ជាតិ និងអន្តរជាតិ។

គាត់មានពេលលំបាកដែលត្រូវគិតគូរជាមួយនឹងតម្លៃ ការគ្រប់គ្រងគណនេយ្យ និងប្រាក់ និងធនាគារ និងការសិក្សារៀងរាល់ថ្ងៃប្រចាំសប្ដាហ៍។ ខណៈពេលដែលមុខជំនាញធ្វើឱ្យគាត់រវល់វាពិតជាដូចការរំពឹងទុករបស់គាត់ព្រោះវាបានជម្រុញគាត់ឱ្យធ្វើកិច្ចការទាំងនោះកាន់តែប្រសើរឡើងម្ដងបន្តិចៗ។ ការសិក្សាមុខវិជ្ជាទាក់ទងនឹងប្រវត្តិសាស្ត្រនៅថ្នាក់វិទ្យាល័យអាចជាទុនសម្រាប់អ្នកដោយសារតែវាបានឱ្យអ្នកស្គាល់នូវទីកន្លែង និងរឿងរ៉ាវដែលអាចនឹងត្រូវយកមកប្រើប្រាស់ដើម្បីធ្វើកិច្ចការសាលានៅសាកលវិទ្យាល័យ។ បន្ទាប់ពីបញ្ចប់ការសិក្សា ធីតាចង់ក្លាយជាម្ចាស់អាជីវកម្មមួយក្នុងវិស័យទេសចរណ៍។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។