បណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយ

All majors

បណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយ

តើអ្នកចង់សិក្សាអំពីរបៀបរំលេចសារផ្សព្វផ្សាយទៅកាន់ទស្សនិកជនក្រុមធំដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមហាជនដែរ ឬទេ? នោះអ្នកអាចពិចារណាជំនាញផ្នែកបណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយបាន។

អ្នកនឹងសិក្សាអំពីប្រភេទផ្សេងៗគ្នានៃប្រព័ន្ធផ្សព្វផ្សាយ រួមទាំងប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពដូចជាកាសែត និង
ទស្សនាវដ្ដីជាដើម និងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ចាក់ផ្សាយដូចជាវិទ្យុ និងទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល
ដូចជាគេហទំព័រ និងបណ្ដាញសង្គមជាដើម។ អ្នកក៏នឹងសិក្សាអំពីរបៀបផលិត និងបោះពុម្ពផ្សាយប្រព័ន្ធផ្សព្វផ្សាយប្រភេទផ្សេងៗទាំងនេះដោយជោគជ័យ ហើយអ្នកនឹងសិក្សាអំពីផលជះនៃប្រព័ន្ធផ្សព្វផ្សាយមកលើសង្គមក៏ដូចជាវប្បធម៌ផងដែរ។ សញ្ញាបត្រផ្នែកបណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយនឹងផ្ដល់ឱ្យអ្នកនូវឱកាសការងារផ្សេងៗរាប់ចាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់ការចាក់ផ្សាយសម្រាប់ទំនាក់ទំនងសាធារណៈ កាសែត និងការបោះពុម្ពផ្សាយ។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកបណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយ

អ៊ីមរុន និង ស សានបញ្ញរ័ត្នគឺជានិស្សិតផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស បញ្ជាក់ថាចំណាប់អារម្មណ៍របស់គាត់ក្នុងការផលិត និងសរសេរបានធ្វើឱ្យគាត់សម្រេចចិត្តជ្រើសរើសមុខជំនាញនេះ។ គាត់តែងតែស្រឡាញ់ការរៀបរាប់រឿងរ៉ាវ និងតែងតែមានចម្ងល់អំពីរបៀបផលិតវីដេអូ (ដូចជាភាពយន្ត និងវីដេអូតន្ត្រីជាដើម)។ កិច្ចការដែលគាត់ចូលចិត្តអំពីមុខជំនាញនេះគឺការដែលគាត់អាចចែករំលែកគំនិតរបស់គាត់ដោយសេរី និងការដែលមុខជំនាញនេះបានបង្រៀនគាត់ឱ្យក្លាយជាមនុស្សដែលពិចារណាបានល្អិតល្អន់ពេលធ្វើការវិនិច្ឆ័យ។ លើសពីនេះគាត់ចូលចិត្តការដែលគាត់យល់ដឹងបន្ថែមអំពីប្រធានបទដែលរសើប ហើយគាត់មានទំនុកចិត្តក្នុងការពិភាក្សាអំពីប្រធានបទទាំងអស់នេះ ខណៈពេលដែលប្រជាជនកម្ពុជាមួយចំនួនមិនទាន់មានភាពក្លាហានក្នុងការធ្វើវានៅឡើយ។

អ្វីដែលអ៊ីមរុនមិនចូលចិត្តអំពីមុខជំនាញនេះគឺការដេលនិស្សិតត្រូវការឧបករណ៍ជាច្រើនដូចជាកាមេរ៉ា កុំព្យូទ័រយួរដៃដែលមានគុណភាពខ្ពស់ជាដើម។ ស បន្ថែមថាគាត់មិនចូលចិត្តការដែលគាត់មានពេលវេលាតិចតួចក្នុងការអនុវត្ត និងរៀបចំសម្រាប់ការផលិត។ ក្រៅពីនេះគាត់បានបន្តទៀតថាបច្ចេកទេសក្នុងការថត និងរៀបចំដើម្បីផលិតគឺមានភាពខុសគ្នាជាងការរំពឹងទុក។ ទោះបីជាយ៉ាងណា អ្នកទាំង ២នៅតែពេញចិត្តជាមួយនឹងជំនាញរបស់ពួកគេ និងរីករាយជាមួយនឹងមុខវិជ្ជាទាំងឡាយ។ មុខវិជ្ជាដែលអ៊ីមរុនចូលចិត្តរួមមានដូចជាគោលការណ៍ និងការអនុវត្តសារព័ត៌មាន ការតាក់តែងជាភាសាខ្មែរ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គម និងសេចក្ដីផ្ដើមនៃការសិក្សាស្រាវជ្រាវ។ មុខវិជ្ជាទាំងនេះពិតជាបានជួយគាត់សម្រេចគោលដៅដើម្បីក្លាយជាអ្នកជំនាញផ្នែកទូរគមនាគមន៍មួយរូបនាពេលអនាគត។ មុខវិជ្ជាដែល ស ចូលចិត្តពេលបច្ចុប្បន្នគឺការផលិតកម្មវិធីវិទ្យុ។ គាត់ពន្យល់ថាប្រធានបទនេះគឺមានភាពសប្បាយរីករាយព្រោះអ្នកត្រូវសាកល្បងការថតសម្លេង និងសិក្សាអំពីប្រភេទសម្លេងផ្សេងៗ។

ជុំ ឆាយវឌ្ឍនៈគឺជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបច្ចុប្បន្នកំពុងធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកទូរគមនាគមន៍ឌីជីថលមួយរូប។ អ្វីដែលគាត់ចូលចិត្តអំពីមុខជំនាញរបស់គាត់គឺការផ្ដោតលើជំនាញ (ទូរគមនាគមន៍) ឌីជីថល និងរបាយការណ៍សារព័ត៌មាន។ គន្លឹះចម្បងរបស់គាត់សម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យគឺការអានឱ្យបានច្រើនកាន់តែល្អ និងការយកចិត្តទុកដាក់លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ។ មុខជំនាញនេះបានធ្វើឱ្យគាត់យល់ដឹងបន្ថែមអំពីបរិបទពេលចាប់ផ្ដើមសរសេររឿងរ៉ាវ ឬរបាយការណ៍ព័ត៌មានជាដើម។ ស និងអ៊ីមរុនមានការយល់ស្របជាខ្លាំងជាមួយនឹងចំណុចនេះ។

គន្លឹះរបស់អ៊ីមរុនសម្រាប់អ្នក? អ្នកត្រូវប្រាកដថាអ្នកមានសមត្ថភាពភាសាអង់គ្លេង ហើយអ្នកមានចំណេះដឹងអំពីវប្បធម៌ទូទៅផងដែរ។ សបានឱ្យដំបូន្មានដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យទាំងងស់ឱ្យមានទំនុកចិត្ត និងមានភាពក្លាហានលើខ្លួនឯង។ គាត់ក៏បានណែនាំដល់សិស្សទាំងអស់ឱ្យត្រៀមរៀបចំខ្លួនឱ្យបានរួចរាល់ កុំរង់ចាំរហូតដល់ពេលអ្នកដល់ពេលចូលរៀន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។